បរទេស៖ ផែនដីមិនមែនសុទ្ធតែមានរយៈពេល២៤ម៉ោង ដូចដែលយើងបានដឹងក្នុងពេលបច្ចុប្បន្ននោះទេ។ តាមពិតពិភពលោកយើងវិលមិនត្រឹមតែកំណត់រយៈពេលនៃថ្ងៃរបស់យើងប៉ុណ្ណោះទេប៉ុន្តែវាអាចរួមចំណែកដល់លំហូរអុកស៊ីសែន នៅលើផែនដីកាលពីដើម ដែលជួយឲ្យជីវិតមានការរីកដុះដាលនេះបើយោងតាមការស្រាវជ្រាវថ្មី។
ក្រុមអ្នកស្រាវជ្រាវដែលសិក្សាពីបរិស្ថាននៅក្នុងបឹង Michigan's Lake Huron បានប្រើប្រាស់តំបន់នេះដើម្បីក្រឡេកមើលផែនដីបុរាណប្រកបដោយប្រសិទ្ធភាពនិងរបៀបដែលការផ្លាស់ប្ដូរប្រវែងរយៈពេលថ្ងៃ អាចជះឥទ្ធិពលដល់ទម្រង់ជីវិតដំបូងបង្អស់រួមមានសារពាង្គកាយតូចៗ ដែលគេហៅថា cyanobacteria។
Cyanobacteria ឬត្រូវបានគេហៅថាស្លែខៀវបៃតងបានវិវត្តជាង២.៤ពាន់លានឆ្នាំមុនហើយពួកវាកំពុងបញ្ចេញអុកស៊ីសែន នៅពេលផែនដីនៅមិនទាន់អាចទ្រទ្រង់ជីវិតបាន។ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមពន្យល់ពីមូលហេតុ ដែលវាត្រូវការពេលយូរដើម្បីឲ្យកម្រិតអុកស៊ីសែនរបស់ផែនដីកើនឡើងបន្តិចម្ដងៗ ក្នុងរយៈពេលជិត២ពាន់លានឆ្នាំមកទល់នឹងពេលនេះ។ បាក់តេរីនេះមានអាយុកាលវែងជាងទម្រង់មានជីវិតដទៃទៀតនៅលើផែនដីហើយវាគឺជាជីវិតដំបូងគេ ដែលបំលែងពន្លឺទៅជាថាមពលតាមរយៈរស្មីសំយោគហើយឲ្យផលជាអុកស៊ីសែន។
ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្ដើមឆ្ងល់ថាតើរយៈពេលមួយថ្ងៃនៅលើផែនដីដំបូង អាចអនុញ្ញាតឲ្យ cyanobacteria បង្កើតអុកស៊ីសែនបន្ថែមនិងនាំឲ្យជីវិតចម្រុះដោយរបៀបណា។ នៅពេលព្រះចន្ទក្លាយជាអង្គរណបធម្មជាតិរបស់ផែនដីទំនាញទាញរបស់ព្រះចន្ទបានបន្ថយល្បឿននៃរង្វិលជុំផែនដី ដែលនាំឲ្យមានថ្ងៃយូរ។រយៈពេលពន្លឺព្រះអាទិត្យចូលមកបានកាន់តែយូរ នឹងមានឥទ្ធិពលទៅលើសកម្មភាពរស្មីសំយោគរបស់cyanobacteria៕
ប្រភព: CNN