បរទេស៖ វាហាក់ដូចជា iPhone 14 Plus មិនទាន់ឈានទៅដល់ការចាប់ផ្ដើមដ៏ល្អមួយដូចដែលរបាយការណ៍ដំបូងបានលើកឡើង ហើយឥឡូវនេះព័ត៌មានកំពុងនិយាយថា Apple បានបញ្ឈប់ការផលិត iPhone 14 Plus ហើយកំពុងវាយតម្លៃលើតម្រូវការឡើងវិញ។
ដោយបានលើកឡើងចេញពីប្រភពខ្សែសង្វាក់ផ្គត់ផ្គង់ របាយការណ៍ថ្មីបង្ហាញថា Apple បានទាក់ទងដៃគូដំឡើង iPhone យ៉ាងហោចណាស់មួយដើម្បីបញ្ឈប់ការផលិត iPhone 14 Plus ជាបន្ទាន់ ហើយថែមទាំងបានទាក់ទងទៅកាន់អ្នកផ្គត់ផ្គង់សមាសភាគចំនួនពីរដើម្បីកាត់បន្ថយការផលិតរហូតដល់ 90%។របាយការណ៍ក៏បានលើកឡើងផងដែរថា យ៉ាងហោចណាស់អ្នកផ្គត់ផ្គង់ iPhone មួយត្រូវបានណែនាំ ឲ្យបង្កើនការផលិតគ្រឿងបន្លាស់សម្រាប់ម៉ូឌែល iPhone14 Pro និង 14 Pro Max វិញ។
មិនមានការអត្ថាធិប្បាយផ្លូវការណាមួយពី Apple អំពីការអភិវឌ្ឍន៍ទាំងនេះទេ។ដោយមានតម្លៃក្រោម iPhone 14 Pro ចំនួន $100 និងក្រោម iPhone 14 Pro Max ចំនួន $200 iPhone14 Plus គឺមិនសូវត្រូវប៉ាន់ប៉ុន្មានឡើយ។ ទោះបីជាមានដំណើរមិនសូវរលូនទាក់ទងនឹងiPhone 14 Plus ក៏ដោយ សារព័ត៌មាន The Information បានបង្ហាញថា Apple នៅតែគ្រោងបញ្ចេញ iPhone15 Plus នៅឆ្នាំក្រោយ៕
ប្រភព: GSMArena