បរទេស៖ ឥឡូវនេះ កម្មវិធី TiKTok កំពុងធ្វើតេស្ដមុខងារវីដេអូផ្ដេកថ្មីសម្រាប់តែអ្នកប្រើប្រាស់មួយចំនួន នៅលើពិភពលោកប៉ុណ្ណោះ។ នៅក្នុងការធ្វើតេស្ដអ្នកប្រើប្រាស់នឹងឃើញប៊ូតុង «ពេញអេក្រង់» ហើយនៅពេលចុចវាវានឹងប្ដូរទៅជាវីដេអូបែបផ្ដេក ដែលចាប់យកអេក្រង់ទាំងមូល។
TikTok ត្រូវបានគេស្គាល់ជាទូទៅថា សម្រាប់វីដេអូខ្លីៗបែបបញ្ឈរប៉ុន្តែត្រូវបានក្រុមហ៊ុនបន្ថែមរយៈពេលនៃវីដេអូ ដែលបានបង្ហោះទៅកាន់សេវាកម្មនេះដោយជំហានដំបូងទៅកាន់បីនាទី និងបន្ទាប់មកទៅដល់ដប់នាទី។ ជាមួយនឹងពេលវេលាកាន់តែវែង អ្នកបង្កើតអាចពង្រីកខ្លឹមសារមាតិការបស់ពួកគេដោយការបង្ហោះវីដេអូដែលមានទម្រង់វែង ស្រដៀងនឹងវីដេអូដែលមាននៅលើ YouTube។ ប៉ុន្តែគេមិនដឹងទេថា តើអ្នកប្រើ TiKTok នឹងទទួលបានទម្រង់វីដេអូបែបផ្ដេករយៈពេលវែងដែរឬទេ។
ខណៈពេលដែល TikTok បានបញ្ជាក់ថាខ្លួនកំពុងសាកល្បងមុខងារនេះមែន កម្មវិធីនេះមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីពេលណាដែលមុខងារនេះអាចត្រូវបានបញ្ចេញជាសាធារណៈនោះទេ៕
ប្រភព: XDA-Developers