បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពមួយនៅក្រៅប្រព័ន្ធព្រះអាទិត្យដែលមានចម្ងាយ៩០ឆ្នាំពន្លឺពីផែនដី ជាមួយបរិយាកាសគួរឲ្យចាប់អារម្មណ៍ដែលអាចនឹងផ្ទុកពពកមានជាតិទឹក។ ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះត្រូវបានគេហៅថា TOI-1231 b ដែលគោចរមួយជុំវិញផ្កាយរបស់វាស្មើនឹងរយៈពេល២៤ថ្ងៃនៅលើផែនដី។
វាគោចរជុំវិញកូនផ្កាយពណ៌ក្រហមប្រភេទ M ដែលគេដាក់ឈ្មោះឲ្យថា NLTT-24399 ដែលមានទំហំតូចនិងបញ្ចេញពន្លឺខ្សោយជាងផ្កាយផ្សេងៗ។បើទោះបីជាភព TOI-1231 bស្ថិតនៅទីតាំងជិតផ្កាយរបស់វាប្រាំបីដង ជាងពីផែនដីទៅព្រះអាទិត្យក៏ដោយ ក៏សីតុណ្ហភាពរបស់វាមានលក្ខណៈស្រដៀងគ្នានៅលើផែនដីនេះក៏ដោយសារតែផ្កាយរបស់វាមិនសូវបញ្ចេញកម្ដៅនិងពន្លឺខ្លាំង។ យ៉ាងណាមិញ ភពនេះមានទំហំធំជាងផែនដីតែតូចជាងភពណិបទូនបន្តិច។
ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះមានដង់ស៊ីតេទាបដែលអាចបញ្ជាក់ថាវាជាភពឧស្ម័ន ជាជាងភពថ្មដូចផែនដីប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់អំពីសមាសធាតុពិតប្រាកដឬបរិយាកាសរបស់វា។ភព TOI-1231 b អាចនឹងមានបរិយាកាសអ៊ីដ្រូសែនឬអ៊ីដ្រូសែន-អេល្យូមយ៉ាងច្រើន ឬក៏បរិយាកាសចំហាយទឹកក្រាស់។ ចំណុចនីមួយៗជាឧទាហរណ៍អាចនឹងជួយបង្ហាញអំពីកំណកំណើតផ្សេងៗគ្នាដែលអនុញ្ញាតឲ្យក្រុមតារាវិទូស្វែងយល់ ពីរបៀបភពនានាបានកើតឡើងខុសៗគ្នាជុំវិញកូនផ្កាយប្រភេទM នៅពេលប្រៀបធៀបវាទៅនឹងភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
ក្រុមអ្នកស្រាវជ្រាវជឿថា ភព TOI-1231 b មានសីតុណ្ហភាពជាមធ្យម៦០អង្សាសេ។ នៅពេលខាងមុខគេនឹងអង្កេតភពមួយនេះដើម្បីដឹងថា តើភពមានពពកជាតិទឹកពិតជាកម្រឬជារឿងធម្មតាដែលកើតមាននៅក្នុងពិភពលោកដែលមានសីតុណ្ហភាពបែបហ្នឹង៕