ថ្ងៃទី១៤ ខែមករា ជាថ្ងៃដែលគេរំពឹងថា ក្រុមហ៊ុនសាំស៊ុងនឹងបញ្ចេញផលិតផលត្រកូល Galaxy S របស់ខ្លួន។ ព័ត៌មានបែកធ្លាយជាច្រើនបាននឹងកំពុងផ្ដល់ទិន្នន័យ ព្រមទាំងរូបភាពលម្អិតជាច្រើនទាក់ទងនឹងផលិតផលដែលត្រូវចេញមកនេះ។ ព័ត៌មានចុងក្រោយ ដែលបានមកពីគេហទំព័រ AdroidPolice បានបញ្ជាក់ថា ត្រកូល Galaxy S លើកនេះ នឹងមានបីម៉ូដែលដូចលើកមុនដែរគឺ Samsung Galaxy S21, Samsung Galaxy S21+, និង Samsung Galaxy S21 Ultra ។
ទាំងប្អូនពៅ S21 និងបងទី២ S21+ នឹងបំពាក់ដោយអេក្រង់ FHD+ display ព្រមជាមួយនឹង Refresh rate 120Hz ។ ចំពោះទំហំអេក្រង់របស់ S21 និង S21+ ក៏មិនខុសពីឆ្នាំមុនដែរ ដោយ S21 មានអេក្រង់ទំហំ 6.2 អ៊ិញ ហើយ S21+ មានអេក្រង់ទំហំ 6.7 អ៊ីញ ខុសអីតែ S21 Ultra ដែលមានទំហំអេក្រង់ 6.8 អ៊ីញ តូចជាង S20 Ultra ដែលមានទំហំ 6.9 អ៊ីញ (ខុសគ្នា 0.1 អ៊ីញ)។ ចំពោះកម្រិតបង្ហាញវិញ គេបញ្ជាក់ថា បងប្អូនភ្លោះទាំងបីនេះ សុទ្ធតែគាំទ្រកម្រិតបង្ហាញ 1080p/120Hz ឬ 1440p/60Hz ។
ដោយឡែក ព័ត៌មានលម្អិតអំពីបងធំប្រចាំត្រកូលគឺ Galaxy S21 Ultra នឹងបំពាក់ដោយកាមេរ៉ាក្រោយចំនួន ៤គ្រាប់ (108MP ជំនាន់ទី២, 10MP periscope telephoto, 10 MP telephoto, និង 12MP ultrawide) និងកាមេរ៉ាមុខមួយគ្រាប់ (40MP wide)។ Galaxy S21 Ultra ដើរដោយឈីប Snapdragon 875 របស់ Qualcomm ឬឈីប Exynos 2100 របស់សាំស៊ុងផ្ទាល់ មាន RAM 12GB សម្រាប់អង្គចងចាំ 128GB និង 256GB និង RAM 16GB សម្រាប់អង្គចងចាំ 512GB។ វាមកជាមួយទំហំថ្ម 5000mAh គាំទ្រការសាកថ្មល្បឿនលឿ (USB C Fast Charge) ដល់ទៅ ៤៥វ៉ាត់ និងការសាកថ្មឥតខ្សែ (Wireless Charge) ដល់ទៅ ១៥វ៉ាត់។ ចំណែកប្រព័ន្ធដំណើរការវិញ គឺ One UI 3.0 គាំទ្រដោយ Android 11 ។
តើព័ត៌មានដែលបែកធ្លាយអំពីផលិតផលនេះ សុក្រឹត្យយ៉ាងណានោះ សូមរង់ចាំតាមដានទាំងអស់គ្នា!