Free Fire គឺជាហ្គេម Battle Royal ដ៏ពេញនិយមមួយដែលត្រូវបានគេ Download ជាង៥០០លានដង ទាំងក្នុង Google Play និងក្នុង App Store គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០។ ថ្មីៗនេះ ក្រុមហ៊ុន Garena ដែលជាក្រុមហ៊ុនមេរបស់ហ្គេមមួយនេះ បានតែងតាំងកីឡាករខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្កាល់ របស់ក្រុមសេះបង្កង់ Juventus ធ្វើជា Global Brand Ambassador របស់ខ្លួន ក្នុងគោលបំណងបង្កើននូវភាពរីករាយបន្ថែមដល់អ្នកគាំទ្រហ្គេមមួយនេះ។ ជាមួយគ្នានេះ Free Fire ក៏បានបន្ថែមតួអង្គថ្មីម្នាក់ទៀតឈ្មោះថា Operation Chrono ដោយយកលំនាំតាមកីឡាកររូបនេះ។
Ronaldo បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែល Free Fire បានបង្កើតតួអង្គម្នាក់ដែលយកលំនាំតាមខ្ញុំ។ ក្រុមការងារ Garena បានបន្ថែមនូវលក្ខណៈពិសេសជាច្រើនសម្រាប់តួអង្គ Operation Chrono ហើយខ្ញុំក៏សង្ឃឹមដែរថា អ្នកលេង Free Fire ទាំងអស់ ក៏សប្បាយចិត្តដូចខ្ញុំដែរ។»
ជាមួយគ្នានោះ លោក Harold Teo ផលិតករហ្គេម Free Fire បានលើកឡើងថា «Ronaldo គឺជាបុគ្គលគំរូដល់មនុស្សជាច្រើន ហើយការសហការជាមួយ និងយកកីឡាកររូបនេះធ្វើជាតួអង្គក្នុងហ្គេម គឺពិតជាអស្ចារ្យ សម្រាប់អ្នកលេងហ្គេម Free Fire នៅទូទាំងសកលលោក» ។ លោក Matt House នាយកប្រតិបត្តិភ្នាក់ងារឧបត្ថម្ភកីឡាបាល់ទាត់ SportQuake ក៏លើកឡើងដែរថា «ភាពជាដៃគូនេះ មិនត្រឹមតែផ្ដល់នូវភាពរីករាយ ដល់អ្នកគាំទ្ររបស់ Ronaldo ប៉ុណ្ណោះទេ តែវាក៏ជួយពង្រីកវិសាលភាពនៃឧស្សាហកម្មទាំងពីរ (Sports និង Gaming) ផងដែរ»។
លោកបានបន្ថែមទៀតថា «ទំហំកិច្ចការនៃការរៀបចំ គំនិតច្នៃប្រតិដ្ឋ និងសេចក្ដីលម្អិត ដែលត្រូវបានបញ្ចូលទៅក្នុងតួអង្គ Operation Chrono គឺពិតជាគួរឲ្យរំភើប និងអស្ចារ្យណាស់ សម្រាប់អ្នកលេង Free Fire ហើយភាពជាដៃគូនេះ បានបង្ហាញនូវលទ្ធភាពឥតទីបញ្ចប់សម្រាប់ឧស្សាហកម្មទាំងពីរនេះ» ។ SportQuake គឺជាភាគីមួយ ក្នុងចំណោមភាគីចម្រុះ ដែលបានបង្កើតឲ្យមានភាពជាដៃគូនេះឡើង។ Garena បានឲ្យដឹងថា តួអង្គថ្មី Operation Chrono នឹងត្រូវបញ្ចេញឲ្យលេងនៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ៕
ប្រភព៖ MARKETING-INTERACTIVE