បរទេស៖ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដំបូង រូងភ្នំបានផ្ដល់ឲ្យមនុស្សនូវការការពារពីធាតុផ្សេងៗ និងជាកន្លែងដែលគេហៅថាផ្ទះ។ ឥឡូវនេះទម្រង់ស្រដៀងគ្នានៅលើព្រះចន្ទអាចផ្ដល់ឲ្យអវកាសយានិក ជាមួយនឹងជម្រកដ៏សុវត្ថិភាពដោយសារសីតុណ្ហភាពរបស់វាស្រដៀងនឹងផែនដី។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University ofCalifornia, Los Angeles បានរកឃើញថាព្រះចន្ទមានរណ្ដៅជាមួយនឹងតំបន់ដែលមានម្លប់ ប្រហែល១៧អង្សាសេដែលជាកម្រិតសីតុណ្ហភាពមានស្ថេរភាពសម្រាប់មនុស្ស។
រណ្ដៅទាំងនេះទំនងជាអាចនាំទៅកាន់រូង ដែលអាចផ្ដល់ជម្រកដល់មនុស្សផងដែរហើយមានសីតុណ្ហភាពដែលអាចធ្វើឲ្យការរុករកនៅឋានព្រះចន្ទនិងការស្នាក់នៅរយៈពេលវែងរបស់មនុស្ស កាន់តែមានសុវត្ថិភាព ដោយសារអ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតជំរុំមូលដ្ឋានដែលមានស្ថេរភាពកម្ដៅ។ បច្ចុប្បន្ន ដោយសារតែមានការយល់ដឹងកាន់តែច្បាស់អំពីរណ្ដៅនិងរូងដ៏មានសក្ដានុពល អ្នកវិទ្យាសាស្ត្រអាចនឹងបង្កើនល្បឿនឆ្ពោះទៅរកគំនិតបង្កើតស្ថានីយអចិន្ត្រៃយ៍ដែលអាចធ្វើការបាននិងត្រូវបានការពារពីស្ថានភាពធ្ងន់ធ្ងរនៃផ្ទៃរបស់ព្រះចន្ទ។
មិនដូចនៅលើផ្ទៃព្រះចន្ទដែលមានកម្ដៅរហូតដល់១២៧អង្សាសេក្នុងពេលថ្ងៃ និងធ្លាក់ចុះដល់ដក១៧៣អង្សាសេនៅពេលយប់រណ្ដៅព្រះចន្ទទាំងនេះនៅក្នុងតំបន់ Mare Tranquillitatisមានសីតុណ្ហភាពសមគួរសម្រាប់មនុស្ស។ ទិន្នន័យនេះបានមកពីការវិភាគលើរូបភាពដែលថតដោយយានអវកាស Lunar Reconnaissance Orbiter របស់ទីភ្នាក់ងារអវកាសណាសានិងគំរូកុំព្យូទ័រ។ ការសិក្សាពីរណ្ដៅទាំងនេះនិងរូងអាចជួយអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ អំពីរបៀបដែលបរិយាកាសខ្លាំងក្លាមានអំពើក៏ដូចជាតំបន់ប៉ូលនៃព្រះចន្ទដែលបេសកកម្ម Artemis នឹងទៅ។ កម្មវិធីArtemis របស់ណាសាមានគោលបំណងបញ្ជូនមនុស្សទៅឋានព្រះចន្ទ ព្រមទាំងស្ត្រីដំបូងគេ និងជនជាតិមិនមែនស្បែកសដំបូងគេឲ្យទៅជាន់លើដីព្រះចន្ទ នៅឆ្នាំ២០២៥៕
ប្រភព: CNN