ចិន៖ ផូស៊ីលសត្វរមាសយក្សពីរដែលមានអាយុកាលប្រហែល22លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិន នេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ពួកវាស្ថិតក្នុងចំណោមសត្វដ៏មហិមាដទៃទៀតដែលត្រូវបានគេរកឃើញនៅដើមសតវត្សរ៍មុន។ សត្វរមាសយក្សទាំងនេះធំជាងសត្វរមាសធម្មតា ហើយច្រើនតែមានកម្ពស់ជាង6ម៉ែត្រនិងមានទម្ងន់ជាង20តោន ដែលធ្វើឱ្យពួកវាធំជាងសត្វដំរី mammoths និងថនិកសត្វធំជាងគេដែលធ្លាប់មានជីវិតទៅទៀត។
ផូស៊ីលថ្មីនេះត្រូវបានគេរកឃើញ នៅខែឧសភា ឆ្នាំ2015 នៅតំបន់ Linxia នៃខេត្តកានស៊ូនៅភាគពាយព្យប្រទេសចិន។ ផូស៊ីលមួយមានលលាដ៍ក្បាល ឆ្អឹងថ្គាម និងធ្មេញ និងឆ្អឹង atlas vertebra ដែលជាកន្លែងដែលក្បាលភ្ជាប់ទៅនឹងឆ្អឹងខ្នង ចំណែកផូស៊ីលមួយទៀតមានឆ្អឹងខ្នងបី។
ដោយផ្អែកលើផូស៊ីលទាំងនេះ អ្នកវិទ្យាសាស្ត្របានរៀបរូបរាងសត្វបុរាណមួយនេះឡើងវិញ។ ហើយភាពខុសប្លែកនៃគ្រោងឆ្អឹងសត្វទាំងនេះ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សត្វនេះជាប្រភេទសត្វថ្មីមួយ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Communications Biology។ ពួកគេបានដាក់ឈ្មោះវាថា Paraceratherium linxiaense ដែលឈ្មោះដំបូងគឺបានមកពីក្រុមសត្វរមាសដ៏ធំរបស់វា និងឈ្មោះទីពីរបានមកពីតំបន់ដែលវាត្រូវបានគេរកឃើញ។
គួរបញ្ចាក់ផងដែរថា មិនមានសត្វរមាសយក្សណាមួយមានស្នែងនៅលើច្រមុះនោះទេ ទោះបីជាវាជាបុព្វបុរសរបស់សត្វរមាសសម័យបច្ចុប្បន្នក៏ដោយ៕