យល់ដឹង៖ កាលពីចុងខែមីនា មានការរាយការណ៍ថា TikTok កំពុងធ្វើតេស្ដមុខងារ WatchHistory (ប្រវត្តិមើល) ដែលជួយឲ្យយើងនូវវិធីដ៏សាមញ្ញមួយដើម្បីរកមើលបញ្ជីនៃវីដេអូកំពុងត្រូវបានកត់ត្រា ដែលយើងបានឃើញ/មើលនៅលើកម្មវិធីនេះ។ រហូតមកដល់ពេលនេះ តើអ្នកបានទទួលឬប្រើមុខងារមួយនេះហើយឬនៅ?
ជាមួយមុខងារប្រវត្តិមើលនេះ យើងអាចរកមើលឡើងវិញ នូវវីដេអូដែលយើងធ្លាប់បានអូសមើល/ឃើញកាលពីមុន តាមលំដាប់លំដោយ។ ឧទាហរណ៍ នៅពេលអ្នកកំពុងមើលវីដេអូមួយដ៏ជក់ចិត្តស្រាប់តែច្រលំដៃចុច refresh ឲ្យចេញវីដេអូថ្មីទៀត នោះអ្នកអាចចូលទៅកាន់Settings ហើយជ្រើសរើស «ប្រវត្តិមើល» ដើម្បីស្វែងរកវីដេអូដែលអ្នកចង់មើលឡើងវិញ។
បើតាមការបញ្ជាក់ពី TikTok បានឲ្យដឹងថា ប្រវត្តិមើលរបស់អ្នករួមមានវីដេអូទាំងអស់ដែលអ្នកបានមើលក្នុងរយៈពេល30ថ្ងៃមុនខណៈពេលចុះឈ្មោះចូលគណនីតែមួយ។ វីដេអូ LIVE និង Story មិនត្រូវបានរួមបញ្ចូលឡើយ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការជម្រះ (លុប)ប្រវត្តិមើល ដូចជាវីដេអូណាមួយដែលអ្នកធ្លាប់បានឃើញ។ នេះជាលក្ខណៈពិសេសថ្មីដែលអ្នកប្រើប្រាស់ជាច្រើន បានរង់ចាំអស់ពេលជាយូរដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់ កាន់តែសម្បូរបែបថែមមួយកម្រិតទៀត៕