បរទេស៖ ប្រអប់ឧបករណ៍ពិសោធន៍ Mars Oxygen In-Situ Resource Utilization Experimentឬត្រូវបានគេហៅឲ្យខ្លីថា MOXIEបានទទួលជោគជ័យក្នងការផលិតអុកស៊ីសែនពីបរិយាកាសដែលសម្បូរទៅដោយកាបូនឌីអុកស៊ីតរបស់ភពអង្គារ ក្នុងការធ្វើតេស្ដជាស៊េរីមួយ ដែលជាផ្នែកមួយនៃបេសកកម្មរបស់យានរ៉ូវើ Perseveranceរបស់ទីភ្នាក់ងារអវកាស NASA ដែលបានចុះចតនៅលើភពអង្គារ តាំងពីខែកុម្ភៈ ឆ្នាំ២០២១។
ប្រអប់ MOXIE អាចផលិតអុកស៊ីសែននៅលើការពិសោធន៍ចំនួនប្រាំពីរ ដែលបានអនុវត្តចាប់តាំងពីការធ្វើតេស្ដបានចាប់ផ្ដើម នៅក្នុងខែមេសា ឆ្នាំ២០២១ក្នុងលក្ខខណ្ឌបរិយាកាសជាច្រើន រួមទាំងអំឡុងពេលថ្ងៃនិងយប់របស់ភពនេះនិងតាមរយៈរដូវផ្សេងៗលើភពអង្គារ នេះបើយោងតាមផែនការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Science Advances។នៅក្នុងដំណើរការនីមួយៗ MOXIE បានឈានដល់គោលដៅរបស់ខ្លួនក្នុងការផលិតអុកស៊ីសែន ៦ក្រាមក្នុងមួយម៉ោង ដែលស្មើនឹងអត្រានៃដើមឈើតូចមួយនៅលើផែនដី។
ប្រអប់ឧបករណ៍ MOXIE មានទំហំតូចប៉ុនម៉ាស៊ីនអាំងនំប៉័ងដែលអនុញ្ញាតឲ្យវា ងាយដាក់ចូលទៅក្នុងរ៉ូវើ Perseverance។វាត្រូវបានបង្កើតឡើង ដើម្បីដំណើរការក្នុងរយៈពេលខ្លីដែលនឹងបើកនិងបិទក្នុងដំណើរការនីមួយៗ។ ប្រអប់ MOXIE ទំហំធំជាងមុនដែលមានសក្ដានុពលនិងអាចដំណើរការជាបន្តបន្ទាប់ អាចនឹងត្រូវបានបញ្ជូនទៅកាន់ភពអង្គារ មុនពេលបេសកកម្មបញ្ជូនមនុស្សដើម្បីផលិតអុកស៊ីសែន ក្នុងអត្រានៃដើមឈើរាប់រយដើម។នេះនឹងអនុញ្ញាតឲ្យមានការផ្ទុកអុកស៊ីសែនគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់មនុស្សទាំងនៅពេលមកដល់ និងពេលបញ្ឆេះរ៉ុក្កែតបញ្ជូនមនុស្សត្រឡប់មកផែនដីវិញ៕
ប្រភព: CNN