បរទេស៖ ទាំងតេឡេទស្សន៍នៅលើដីនិងនៅលើអវកាសជាច្រើន មើលឃើញពីការផ្ទុះដ៏ភ្លឺបំផុតមួយនៅក្នុងលំហ នៅពេលដែលវាធ្វើដំណើរមកដល់ផែនដីនៅថ្ងៃទី៩ ខែតុលា។បន្ទុះនេះអាចជាការផ្ទុះដ៏ខ្លាំងបំផុតមួយ ដែលមិនធ្លាប់ចាប់បានដោយតេឡេទស្សន៍។យោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា បន្ទុះកាំរស្មីហ្គាម៉ា ឬ GRBs គឺជាប្រភេទនៃការផ្ទុះដ៏មានឥទ្ធិពលបំផុត នៅក្នុងសកលលោក។អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យការផ្ទុះមួយនេះថា GRB 221009A ហើយតេឡេទស្សន៍ជុំវិញពិភពលោកនៅបន្តតាមដានផលវិបាករបស់វា។
អ្នកវិទ្យាសាស្ត្រនានាជឿថា ការបង្កើតសន្ទុះដ៏ភ្លឺនិងវែងនេះកើតឡើងនៅពេលផ្កាយដ៏ធំមួយនៅក្នុងតារានិករ Sagittaដែលមានចម្ងាយ២.៤ពាន់លានឆ្នាំពន្លឺ បានផុតរលត់ទៅជាបន្ទុះស៊ុបពែណូវ៉ាហើយក្លាយជាប្រហោងខ្មៅមួយ។ ផ្កាយនេះទំនងជាមានម៉ាស់ច្រើនដងធំជាងព្រះអាទិត្យរបស់យើង។កាំរស្មីហ្គាម៉ានិងកាំរស្មីអ៊ិចបានរំកិលឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យហើយឧបករណ៍រាវរកចាប់ផ្ដើមដំណើរការ ដែលបានដំឡើងនៅលើតេឡេទស្សន៍ផ្សេងៗ។ប្រហោងខ្មៅដែលទើបនឹងកើត បានបំផ្ទុះចេញភាគល្អិតដ៏មានឥទ្ធិពលដែលអាចផ្លាស់ទីបានជិតនឹងល្បឿននៃពន្លឺដោយបញ្ចេញវិទ្យុសកម្មក្នុងទម្រង់ជាកាំរស្មីអ៊ិច និងកាំរស្មីហ្គាម៉ា។
រាប់ពាន់លានឆ្នាំបន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់លំហ ទីបំផុតការផ្ទុះរបស់ប្រហោងខ្មៅនេះបានមកដល់ជ្រុងនៃចក្រវាលរបស់យើងកាលពីសប្ដាហ៍មុន។ ការសិក្សាពីព្រឹត្តិការណ៍បែបនេះអាចបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀត អំពីការផុតរលត់នៃផ្កាយរបៀបដែលរូបធាតុមានអន្តរកម្មជិតល្បឿននៃពន្លឺនិងថាតើមានស្ថានភាពបែបណានៅកាឡាក់ស៊ីឆ្ងាយៗ។ តារាវិទូបានប៉ាន់ស្មានថាការផ្ទុះកាំរស្មីហ្គាម៉ាដ៏ភ្លឺបែបនេះ ប្រហែលជាមិនលេចឡើងម្ដងទៀតទេក្នុងប៉ុន្មានទសវត្សរ៍ទៀត។ តារាវិទូនឹងប្រើប្រាស់ការសង្កេតរបស់ពួកគាត់ដើម្បីវិភាគសញ្ញានៃធាតុធ្ងន់ៗណាមួយ ដែលបញ្ចេញដោយការផុតរលត់របស់ផ្កាយ៕
ប្រភព: CNN