អាមេរិក៖ លោកប្រធានាធិបតី Biden ទើបតែកែប្រែការហាមឃាត់របស់អតីតប្រធានាធិបតី Trump ទៅលើ TikTok និង WeChat។ ដូចដែលកាសែត Wall Street Journal បានរាយការណ៍ លោក Biden បានដកហូតបទបញ្ជារបស់លោក Trump ដែលហាមឃាត់ការទាញយក TikTok និង WeChat ក្នុងចំណោមការរឹតត្បិតផ្សេងទៀត។
តែនេះមិនមានន័យថា កម្មវិធីទាំងពីរនេះនឹងជៀសផុតពីការត្រួតពិនិត្យនោះទេ។ លោក Biden បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលទាមទារឱ្យមានការពិនិត្យទៅលើ TikTok, WeChat និងកម្មវិធីផ្សេងទៀត ដែលត្រូវបានបង្កើតនិងគាំទ្រដោយបរទេស រួមមានប្រទេសចិនផងដែរ។ ការផ្លាស់ប្តូរនេះបានដាក់ចេញគោលការណ៍ដើម្បីកំណត់ថា តើការគ្រប់គ្រងទិន្នន័យរបស់កម្មវីធីទាំងនោះមានហានិភ័យច្រើនដែរឬទេ។
TikTok ក៏ប្រឈមមុខនឹងការពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលគ្រប់គ្រងប្រតិបត្តិការអន្តរជាតិផងដែរ។
លោក Trump បានចេញបទបញ្ជាពីរលើកដំបូងនៅខែសីហាឆ្នាំ2020 អំពីការបង្ក្រាបទៅលើកម្មវីធី TikTok គឺដោយសារតែមានការព្រួយបារម្ភថា កម្មវីធីនេះអាចនឹងបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅរដ្ឋាភិបាលចិន។ មានគេលើកឡើងថា លោក Trump ប្រើបទបញ្ជានេះ ដើម្បីជាការសងសឹកចំពោះការអាម៉ាស់ផងក៏មិនដឹង។
ការដកហូតបទបញ្ជាមុន និងចេញបទបញ្ជាថ្មីរបស់លោក Biden គឺជាការលុបចោលយុទ្ធនាការបង្ក្រាប TikTok របស់លោក Trump៕