បរទេស៖ ព្រឹត្តិការណ៍បន្ទាប់របស់ Apple ដែលទំនងជាបង្ហាញឧបករណ៍មួយចំនួនដូចជា Apple Watch Series 7 និង iPhone 13 នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកញ្ញា(ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង១២កណ្ដាលអធ្រាត្រ នៅកម្ពុជា)នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។
ព្រឹត្តិការណ៍នេះដូចលើកមុនដែរនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចំពេលមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីជំងឺរាតត្បាតសកល។ ការអញ្ជើញរបស់ Apple បានភ្ជាប់មកនូវឃ្លាមួយថា "California streaming"។ នៅលើរូបភាព គេឃើញថានិមិត្តសញ្ញារបស់ Apple មានពន្លឺណេអុងនៅជុំវិញ និងមានភ្នំនៅពីខាងក្រោយ។
ព្រឹត្តិការណ៍ខែកញ្ញារបស់ក្រុមហ៊ុនគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតប្រចាំឆ្នាំ ដោយនឹងបង្ហាញសែស្រឡាយផលិតផល។កាលពីឆ្នាំមុន Apple បានបញ្ចេញផលិតផលធំៗ នៅឆមាសទី២នៃឆ្នាំដោយប្រកាសបង្ហាញនៅពេលវេលាផ្សេងៗគ្នា រួមមាន Apple Watches, iPads,iPhones និង កុំព្យូទ័រ Mac៕
ប្រភព: CNET