យល់ដឹង៖ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅព្រឹត្តិការណ៍សមរាត្រី(Equinox) នឹងមានរយៈពេលថ្ងៃនិងយប់ស្មើគ្នាដោយពេលថ្ងៃមានរយៈពេល១២ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រីរយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។
បើតាមគេហទំព័រTime and Date បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០៣ព្រឹក (ម៉ោងនៅកម្ពុជា) គឺជាពេលដែលពន្លឺព្រះអាទិត្យជះកាត់តំបន់ខ្សែអេក្វាទ័ររបស់ផែនដីឬតំបន់ខ្សែអេក្វាទ័រគឺជាចំណុចនៅលើផែនដីដែលងើយទៅរកព្រះអាទិត្យជាងគេ ដែលនោះហើយ គេហៅថាសមរាត្រី។សមរាត្រីគឺជាព្រឹត្តិការណ៍មួយដែលគេប្រារព្ធរួមគ្នា នៅជុំវិញពិភពលោក ប៉ុន្តែរយៈពេលថ្ងៃនិងយប់ក្នុងព្រឹត្តិការណ៍នេះគឺស្ទើរតែស្មើគ្នាប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Time and Date ដដែល នៅថ្ងៃទី២៣ ខែកញ្ញានេះពេលថ្ងៃនៅកម្ពុជាមានរយៈពេល ១២ម៉ោង៦នាទី ពោលគឺលើសពេលយប់៦នាទី។
យ៉ាងណាមិញ រយៈពេលថ្ងៃនិងយប់ស្មើគ្នាពិតជាកើតមាននៅលើផែនដី តែស្ថិតនៅពេលវេលាផ្សេងៗគ្នាទៅតាមតំបន់នៅលើផែនដី ដែលគេហៅថា សមថ្ងៃ(Equilux)។ ព្រឹត្តិការណ៍សមថ្ងៃ កើតឡើងនៅមុនព្រឹត្តិការណ៍សមរាត្រីក្នុងខែមីនា និងកើតក្រោយព្រឹត្តិការណ៍សមរាត្រី ក្នុងខែកញ្ញា។ កាន់តែពិសេស ព្រឹត្តិការណ៍សមរាត្រីគឺជាសញ្ញាបង្ហាញប្រាប់ថាព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត តែថ្ងៃនិងយប់មិនមានរយៈពេលស្មើគ្នានោះទេ គ្រាន់តែស្ទើរតែស្មើគ្នាប៉ុណ្ណោះ៕
ប្រភព: Time and date