បរទេស៖ ឆ្ងល់ទេថាហេតុអ្វីបានជាសត្វមូសចេះតែហោះក្រវែលត្រចៀករបស់យើង ហើយបញ្ចេញសំឡេងរំខានគួរឱ្យធុញ? ហើយហេតុអ្វីបានជាពួកវាបញ្ចេញសំឡេងរំខាននោះ?
លោក Michael Riehle សាស្រ្តាចារ្យផ្នែក entomology នៅសាកលវិទ្យាល័យអារីហ្សូណាមានប្រសាសន៍ថា សំឡេងរំខានដែលយើងលឺនោះ គឺជាសំឡេងស្លាបរបស់មូស។ សំឡេងនោះមិនបន្លឺបានឆ្ងាយនោះទេ យើងស្តាប់លឺវាភាគច្រើននៅពេលមូសហោះជុំវិញត្រចៀកយើងតែប៉ុណ្ណោះ។.
សំឡេងរំខានដែលយើងច្រើនតែលឺនោះ គឺមកពីមូសញី។ នោះក៏ព្រោះតែមូសញី និងមូសឈ្មោលមានការរស់នៅផ្សេងពីគ្នា។ មូសឈ្មោលតែងតែហោះទៅទំលើផ្កា ក្រេបទឹកលម្អង។ ពួកវាមិនខ្វល់ពីមនុស្សឡើយ។ ប៉ុន្តែមូសញីត្រូវការឈាមដើម្បីមានថាមពលគ្រប់គ្រាន់ក្នុងការផលិតពង។
លោក Riehle បន្តថា ពីចម្ងាយ មូសញីផ្តោតលើក្លិនកាបូនឌីអុកស៊ីតដែលសាយភាយចេញពីរាងកាយរបស់យើង ពេលយើងដកដង្ហើមចេញ។ កាបូនឌីអុកស៊ីតរំញោចឱ្យមូសញីចាប់ផ្តើមស្វែងមនុស្សនោះ វាក៏ហោះទៅរកប្រភពនៃកំហាប់នោះ។
និយាយឱ្យចំទៅ មូសមកបញ្ចេញសំឡេងរំខាននៅជុំវិញក្បាលរបស់មនុស្ស ដោយសារតែនោះជាកន្លែងដែលមនុស្សបណ្តេញកាបូនឌីអុកស៊ីតច្រើនបំផុត។
នៅពេលដែលមូសញីហោះឆ្ពោះទៅគោលដៅរបស់វា ស្លាបវាទទះប្រហែលជា500ដងក្នុងមួយវិនាទីក្នុងហ្វ្រេកង់450 ទៅ500ហឺត។
ខណៈដែលសំឡេងនេះ មនុស្សយើងស្តាប់ទៅវាគួរឱ្យរំខាន តែវាគឺដូចជាតន្រ្តីសម្រាប់មូសឈ្មោលទៅវិញ៕
ប្រភព៖ Livescience