ដឹងទេ? ពេលនេះ រយៈពេលថ្ងៃនិងយប់ស្មើគ្នា កំពុងកើតមាននៅកម្ពុជា - TrueID

ដឹងទេ? ពេលនេះ រយៈពេលថ្ងៃនិងយប់ស្មើគ្នា កំពុងកើតមាននៅកម្ពុជា

March 11, 2022

យល់ដឹង៖ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅព្រឹត្តិការណ៍សមរាត្រី (Equinox) នឹងមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល១២​ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។

នៅពេលកាំរស្មីព្រះអាទិត្យជះកាត់តំបន់ខ្សែអេក្វាទ័ររបស់ផែនដី ឬតំបន់អេក្វាទ័រគឺជាចំណុចនៅលើផែនដីដែលបែរងាកជិតជាងគេទៅកាន់ព្រះអាទិត្យ នោះគេហៅថាសមរាត្រី។ សមរាត្រីគឺជាព្រឹត្តិការណ៍មួយដែលគេប្រារព្ធរួមគ្នា នៅជុំវិញពិភពលោក ប៉ុន្តែរយៈពេលថ្ងៃនិងយប់ក្នុងព្រឹត្តិការណ៍នេះ គឺស្ទើរតែស្មើគ្នាប៉ុណ្ណោះ។

យ៉ាងណាមិញ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ពិតជាកើតមាននៅលើផែនដី តែស្ថិតនៅពេលវេលាផ្សេងគ្នាៗនិងទៅតាមតំបន់ផ្សេងៗនៅលើផែនដី ដែលគេហៅថា សមថ្ងៃ (Equilux)។ ព្រឹត្តិការណ៍សមថ្ងៃ កើតឡើងនៅមុនព្រឹត្តិការណ៍សមរាត្រី ក្នុងខែមីនា និងកើតក្រោយព្រឹត្តិការណ៍សមរាត្រី ក្នុងខែកញ្ញា។ នៅកម្ពុជា ព្រឹត្តិការណ៍សមថ្ងៃកើតមាន នៅប្រហែល១០ថ្ងៃមុននិងក្រោយព្រឹត្តិការណ៍សមរាត្រី។ ក្នុងខែមីនា រយៈពេលថ្ងៃនិងយប់ស្មើគ្នាកើតឡើងនៅកម្ពុជា ប្រហែលថ្ងៃទី១០និង១១ ចំណែកក្នុងខែកញ្ញា វាកើតឡើងក្រោយព្រឹត្តិការណ៍សមរាត្រី ដោយនឹងកើតឡើងប្រហែលថ្ងៃទី២ ឬ ៣ ខែតុលា។

ជាឧទាហរណ៍ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ បើយោងតាមគេហទំព័រ Time and date នៅក្នុងរាជធានីភ្នំពេញ ពេលថ្ងៃមានរយៈពេល១២:០០ម៉ោង និង៣៤វិនាទី ដោយថ្ងៃរះនៅម៉ោង៦:១០ព្រឹក ថ្ងៃត្រង់នៅម៉ោង១២:១០ និងលិចទៅវិញនៅម៉ោង៦:១០ល្ងាច។ ចំណែកព្រះអាទិត្យមានចម្ងាយប្រហែល ១៤៨.៥៨លានគីឡូម៉ែត្រ ពីផែនដី។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីគឺជាសញ្ញាបង្ហាញប្រាប់ថា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត តែមិនមែនមានន័យថា នៅថ្ងៃនោះ ថ្ងៃនិងយប់មានរយៈពេលស្មើគ្នានោះទេ៕

កាំរស្មីព្រះអាទិត្យប៉ះកែងចំណុចតំបន់ខ្សែអេក្វាទ័រ (រូបភាព៖ Time and date)
កាំរស្មីព្រះអាទិត្យប៉ះកែងចំណុចតំបន់ខ្សែអេក្វាទ័រ (រូបភាព៖ Time and date)
ថតនៅខេត្តកំពត
ថតនៅខេត្តកំពត

ប្រភព: Time and date

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...