បរទេស៖ ភពណិបទូននិងអ៊ុយរ៉ានុសមានលក្ខណៈស្រដៀងគ្នាខ្លាំង ដែលពេលខ្លះអ្នកវិទ្យាសាស្ត្រចាត់ទុកថាភពទឹកកកនៅឆ្ងាយពីគេទាំងនេះ គឺជាភពភ្លោះ។ប៉ុន្តែភពយក្សទឹកកកទាំងនេះមានភាពខុសគ្នាដ៏ធំមួយ នោះគឺពណ៌របស់វា។ការអង្កេតថ្មីដោយប្រើទាំងតេឡេទស្សន៍នៅលើដីនិងអវកាសបានបង្ហាញពីអ្វីដែលនៅក្រោយភាពខុសគ្នានេះ។ ភពទាំងនេះដែលនៅឆ្ងាយបំផុតពីព្រះអាទិត្យរបស់យើងគឺភពណិបទូននិងអ៊ុយរ៉ានុស មានទំហំ ម៉ាស់ និងបរិយាកាសស្រដៀងគ្នា។
ដោយក្រឡេកមើលភពទាំងពីរ ពីមួយផ្នែកទៅមួយផ្នែកទៀត ដែលអាចធ្វើទៅបានដោយសារតែយាន Voyager 2របស់ណាសាបានហោះកាត់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានបង្ហាញថាភពណិបទូនមានរូបរាងពណ៌ខៀវភ្លឺ។ ចំណែកភពអ៊ុយរ៉ានុសមានពណ៌ខៀវស្រាលជាង។អ្នកវិទ្យាសាស្ត្របានកំណត់ថា ផ្សែងអ័ព្ទមានការកើនឡើងនៅក្នុងបរិយាកាសរបស់ភពអ៊ុយរ៉ានុសដែលផ្ដល់ឲ្យវានូវរូបរាងពណ៌ស្រាលជាងមុន។ អ័ព្ទនេះគឺក្រាស់នៅលើអ៊ុយរ៉ានុសជាងស្រទាប់បរិយាកាសស្រដៀងគ្នានៅលើណិបទូនដូច្នេះវាធ្វើឲ្យអ៊ុយរ៉ានុសមានលក្ខណៈស្លេកជាង តាមការមើលឃើញរបស់យើង។បើគ្មានអ័ព្ទនេះនៅក្នុងបរិយាកាសនៃភពទាំងពីរទេ តារាវិទូជឿថាភពទាំងពីរនេះនឹងមានពណ៌ខៀវស្ទើរតែដូចគ្នា។
ការប៉ុនប៉ងពីមុនដើម្បីយល់ដឹងពីភាពខុសគ្នានេះត្រូវបានគេផ្ដោតលើបរិយាកាសផ្នែកខាងលើនៃភព នៅជំហានរលកនៃពន្លឺដ៏ជាក់លាក់។គំរូនេះក៏បានអង្កេតស្រទាប់បរិយាកាសកាន់តែជ្រៅ ដែលរួមមានភាគល្អិតនៃអ័ព្ទបន្ថែមពីលើពពកនៃមេតាន និងទឹកកកអ៊ីដ្រូសែនស៊ុលហ្វីត។ ការអង្កេតថ្មីបានវិភាគលើស្រទាប់អេរ៉ូសូលចំនួនបីនៅកម្ពស់ខុសគ្នា លើភពអ៊ុយរ៉ានុសនិងណិបទូន។ ស្រទាប់កណ្ដាលនៃភាគល្អិតនៃអ័ព្ទគឺជាអ្វីដែលប៉ះពាល់ដល់ពណ៌ច្រើនបំផុត។ នៅលើភពទាំងពីរស្រទាប់កណ្ដាលគឺជាកន្លែងដែលទឹកកកមេតាន ប្រែទៅជាព្រិលធ្លាក់មេតាន។ ណិបទូនមានបរិយាកាសច្របូកច្របល់ដែលសកម្មជាងបរិយាកាសដ៏យឺតរបស់អ៊ុយរ៉ានុសដូច្នេះភាគល្អិតមេតាននិងការធ្លាក់ព្រិលរារាំងអ័ព្ទ ពីការកើតឡើងនៅលើណិបទូន៕
ប្រភព: CNN