បរទេស៖ ដោយមានទីតាំងស្ថិតនៅក្នុងគន្លងគោចរចន្លោះភពអង្គារនិងព្រហស្បតិ៍អាចម៍ផ្កាយ 16 Psyche មិនមែនជាអាចម៍ផ្កាយធម្មតាដែលបង្កើតឡើងដោយថ្មឬទឹកកកនៅតាមផ្នែកមួយចំនួននោះទេ ប៉ុន្តែវាបង្កើតឡើងដោយលោហធាតុ។អាចម៍ផ្កាយ Psyche ថែមទាំងមានផ្ទុកទៅដោយផ្លាកទីនដែក និងនីកែលយ៉ាងច្រើន។ អ្នកជំនាញបានប៉ាន់ប្រមាណថា លោហធាតុដែលវាបានផ្ទុក គឺមានតម្លៃរហូតដល់១០,០០០ក្វាទី្រលានដុល្លារ ($10,000,000,000,000,000,000)។
ប្រសិនបើទ្រព្យសម្បត្តិនៅលើអាចម៍ផ្កាយ Psyche ត្រូវបានដឹកមកកាន់ផែនដី វានឹងក្លាយជាអាវុធមុខពីរព្រោះតម្លៃដ៏មហាសាលរបស់វានឹងជួយឲ្យមនុស្សគ្រប់គ្នាមួយផែនដីក្លាយជាមហាសេដ្ឋីប៉ុន្តែវាក៏អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោក ដែលមានតម្លៃយ៉ាងហោចណាស់៧៥.៥ទ្រីលានដុល្លារបាត់លំនឹងឬដួលរលំក៏ថាបាន។
អាចម៍ផ្កាយ Psyche គឺជាវត្ថុធាតុធំបំផុតនៅក្នុងតំបន់ខ្សែប្រវាត់អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងហើយវាមានមុខកាត់ប្រហែល ២២៥គីឡូម៉ែត្រ។ អាចម៍ផ្កាយមួយនេះចំណាយពេលប្រហែល៥ឆ្នាំនៃផែនដីដើម្បីគោចរមួយជុំវិញព្រះអាទិត្យ ប៉ុន្តែវាចំណាយពេលវិលជុំវិញខ្លួនឯង (រង្វិលខ្ញាល់)ជាង៤ម៉ោង។ នៅរដូវក្ដៅឆ្នាំ២០២២ អង្គការណាសាមានគម្រោងបញ្ចេញបេសកកម្មទៅអង្កេតមើលអាចម៍ផ្កាយមួយនេះ ហើយស្វែងយល់បន្ថែមអំពីទ្រព្យសម្បត្តិដ៏មហាសាលរបស់វា។
បេសកកម្មមួយនោះត្រូវបានគេហៅថា Discovery Mission ដែលនឹងកំណត់ថាទៅដល់អាចម៍ផ្កាយ 16 Psyche នៅរយៈពេល៤ឆ្នាំទៀត នៅឆ្នាំ២០២៦និងបានជំនួយពីការរុញយានឲ្យទៅមុខដោយទំនាញរបស់ភពអង្គារនៅឆ្នាំ២០២៣ ឆ្ពោះទៅកាន់គោលដៅរបស់វា។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាអាចម៍ផ្កាយ Psyche អាចជាស្នូលលោហធាតុនៃភពដើមមួយ ដែលបានខ្ទាតចេញដោយសារតែការបុកទង្គិចគ្នានឹងអ្វីមួយដែលកើតមានមុនពេលកំណើតប្រព័ន្ធព្រះអាទិត្យទៅទៀត៕