បរទេស៖ យានរ៉ូបូតដែលបង្កើតដោយអូស្ត្រាលីនឹងរុករកឋានព្រះចន្ទនៅដើមឆ្នាំ២០២៦ នៅក្នុងដំណើរដំបូងរបស់ប្រទេសនេះទៅកាន់ឋានព្រះចន្ទ។អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងជាមួយអង្គការណាសា ដើម្បីអភិវឌ្ឍន៍យានរ៉ូបូតតូចមួយដែលនឹងមានសមត្ថភាពអាចចាប់ថ្មនិងដីឋានព្រះចន្ទហើយយកពួកវាមកកាន់យានចុះចតដែលដំណើរការដោយអង្គការណាសា។
ដីព្រះចន្ទឬរជ្ជះសីលាត្រូវបានគេរំពឹងថាមានផ្ទុកអុកស៊ីសែនក្នុងទម្រង់ជាអុកស៊ីត និងប្រើឧបករណ៍ដាច់ដោយឡែកពីគ្នាណាសានឹងមានបំណងទាញអុកស៊ីសែនចេញពីសំណាកទាំងនេះ។ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថានេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសាងវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទព្រមទាំងគាំទ្របេសកកម្មនាពេលអនាគតទៅកាន់ភពអង្គារ។ កិច្ចព្រមព្រៀងដែលរួមបញ្ចូលទាំងការរួមចំណែកចំនួន៥០លានដុល្លារអូស្ត្រាលី(៣៧លានដុល្លារអាមេរិក) គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមពីឋានព្រះចន្ទទៅកាន់ភពអង្គាររបស់អូស្ត្រាលី។
បច្ចេកវិទ្យានិងប្រព័ន្ធរ៉ូបូតទំនើបៗសម្រាប់ប្រតិបត្តិការពីចម្ងាយនឹងក្លាយជាចំណុចស្នូលក្នុងការបង្កើតវត្តមានប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទហើយនៅទីបំផុតគាំទ្រដល់ការរុករករបស់មនុស្សនៅភពអង្គារ។ លោក BillNelson អ្នកគ្រប់គ្រងណាសាបាននិយាយថាកិច្ចព្រមព្រៀងជាមួយអូស្ត្រាលីបានពង្រីកសម្ព័ន្ធប្រទេសដែលគាំទ្រការត្រឡប់ទៅកាន់ឋានព្រះចន្ទរបស់មនុស្ស ស្ថិតនៅក្រោមកម្មវិធី Artemis៕
ប្រភព: CNN