បរទេស៖ យុវជនវ័យ១៨ឆ្នាំនឹងក្លាយជាមនុស្សក្មេងជាងគេបំផុត ដែលហោះហើរទៅទីអវកាសនៅពេលដែលគាត់រួមដំណើរជាមួយ លោក Jeff Bezos ក្នុងការហោះហើរដឹកមនុស្សជាលើកដំបូង ដោយក្រុមហ៊ុនអវកាសរបស់លោកBezos នៅថ្ងៃទី២០ ខែកក្កដា។ យុវជន OliverDaemen នឹងហោះហើរ ជំនួសកន្លែងមនុស្សអាថ៌កំបាំងឈ្នះការដេញថ្លៃ២៨លានដុល្លារជាសាធារណៈ។
ក្រុមហ៊ុនអវកាសចរណ៍ Blue Origin របស់លោក Bezosបាននិយាយថា អ្នកឈ្នះការដេញថ្លៃមិនអាចហោះហើរនៅបេសកកម្មនេះបានទេដោយសារបញ្ហាកាលវិភាគ។ ចំណែក ក្មេងជំទង់រូបនេះគឺជាកូនប្រុសរបស់នាយកប្រតិបត្តិក្រុមហ៊ុន Somerset Capital Partners លោក Joes Daemen។ យុវជន Daemen បានទទួលមួយកៅអី នៅជើងហោះហើរលើកទី២ ប៉ុន្តែត្រូវបានគេផ្លាស់ប្ដូរទៅជើងហោះហើរទី១វិញនៅពេលអ្នកឈ្នះការដេញថ្លៃត្រូវបានដកចេញ។ បន្ទាប់មក យុវជន Daemen ដែលជានិស្សិតរូបវិទ្យា បានទទួលឱកាសនេះ។
អ្នកឈ្នះការដេញថ្លៃពីមុននៅតែមិនបញ្ចេញឈ្មោះ សូម្បីតែការហោះហើរបានខិតជិតមកដល់ហើយបញ្ហាដែលបណ្ដាលឲ្យពួកគាត់ដកខ្លួនចេញ ក៏មិនត្រូវបានគេបង្ហាញឲ្យដឹងដែរ។ ក្រុមហ៊ុនBlue Origin មិនបានបញ្ជាក់ពីតម្លៃសំបុត្រ របស់យុវជន Daemen នោះទេ។
យុវជនរូបនេះនឹងរួមដំណើរជាមួយលោកយាយWally Funk វ័យ៨២ឆ្នាំ ដែលជាមនុស្សវ័យចំណាស់ជាងគេធ្វើដំណើរទៅទីអវកាស។លោក Bezos និងបងប្រុសរបស់គាត់ Mark នឹងធ្វើដំណើរជាមួយអតិថិជន នៅលើរ៉ុក្កែត New Shepard។ក្រុមហ៊ុននេះគ្រោងនឹងនាំអ្នកដំណើររបស់ខ្លួន ហោះទៅលើចម្ងាយជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលអនុញ្ញាតឲ្យពួកគេទទួលបានបទពិសោធន៍នៃដែនទំនាញទាប។យាននឹងវិលត្រឡប់មកផែនដីវិញ ដោយប្រើឆ័ត្រយោង នៅពេលការធ្វើដំណើរនឹងរំពឹងថាមានរយៈពេលប្រហែល១០នាទី៕
ប្រភព: BBC