អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានលុបចោលការបាញ់បង្ហោះរ៉ុក្កែតព្រះចន្ទថ្មីដ៏ធំរបស់ខ្លួននោះគឺ Space Launch System (SLS)។ អ្នកគ្រប់គ្រងបញ្ជាខំប្រឹងដោះស្រាយធ្វើឲ្យម៉ាស៊ីននៅលើរ៉ុក្កែតកម្ពស់ជិត១០០ម៉ែត្រនេះចុះត្រជាក់ដល់សីតុណ្ហភាពប្រតិបត្តិការត្រឹមត្រូវរបស់វា។ SLS គឺជារ៉ុក្កែតដ៏ធំបំផុតមិនធ្លាប់មាន ដែលបង្កើតឡើងដោយ NASA។ វានឹងត្រូវបានប្រើដើម្បីបញ្ជូនអវកាយានិកត្រឡប់ទៅកាន់ឋានព្រះចន្ទសាជាថ្មី។
ការហោះហើរលើកដំបូងនេះ ដែលជាផ្នែកនៃកម្មវិធីArtemis របស់ NASA គឺគ្រាន់តែជាការធ្វើតេស្ដបង្ហាញដោយមិនទាន់ដាក់មនុស្សណាម្នាក់ឲ្យទៅជាមួយទេ។ ប៉ុន្តែបេសកកម្មដ៏ស្មុគស្មាញជាងនេះទៅទៀតត្រូវបានគ្រោងទុកសម្រាប់ពេលអនាគត ដែលនឹងឃើញមនុស្សបោះជំហាននៅលើដីឋានព្រះចន្ទ។ NASAមានជម្រើសដើម្បីព្យាយាមម្ដងទៀត នៅថ្ងៃសុក្រប្រសិនបើម៉ាស៊ីនអាចត្រូវបានដោះស្រាយបាន នៅពេលនោះ។
យ៉ាងណាមិញ ប្រសិនបើអ្នកគ្រប់គ្រងបញ្ជាត្រូវរំកិលរ៉ុក្កែតនេះត្រឡប់ទៅកាន់អាគារដំឡើងរបស់មជ្ឈមណ្ឌលអវកាស Kennedy វិញដើម្បីផ្លាស់ប្ដូរម៉ាស៊ីន នោះវានឹងមានការពន្យារពេលជាច្រើនសប្ដាហ៍។ NASA នឹងត្រូវយកចិត្តទុកដាក់ចំពោះផ្នែកអាកាសធាតុ ខណៈពេលដែលគេនឹងសម្លឹងមើលឱកាសបាញ់បង្ហោះសាជាថ្មី។នៅពេលដែលរ៉ុក្កែត SLS ហោះឡើង ការងាររបស់វាគឺថា នឹងត្រូវធ្វើតេស្ដបញ្ជូនយានអវកាសមួយដែលមានឈ្មោះថា Orion ឲ្យផុតពីផែនដី។
យានអវកាសមួយនេះនឹងហោះវិលជុំវិញឋានព្រះចន្ទ ជារាងកោង មុនពេលត្រលប់មកកាន់ផែនដីវិញ ដែលនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលប្រាំមួយសប្ដាហ៍ក្រោយ។ យានអវកាស Orionមិនទាន់ដឹកមនុស្សឲ្យទៅជាមួយទេនៅក្នុងការបង្ហាញនេះ ប៉ុន្តែគេរំពឹងថាយាននេះនឹងដំណើរការបានល្អទៅចុះ។ អវកាសយានិកនឹងស្ថិតនៅលើយានសម្រាប់ស៊េរីបេសកកកម្មដ៏ស្មុគស្មាញ នាពេលអនាគត ដែលចាប់ផ្ដើមនៅឆ្នាំ២០២៤៕
ប្រភព: BBC