បរទេស៖ តិកតុកកំពុងធ្វើតេស្ដមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អូសមើលមាតិកាវីដេអូនៅក្នុងកម្មវិធីដោយមិនបង្ហាញឈ្មោះអ្នកបង្ហោះ ចំណងជើង ឬព័ត៌មានទាក់ទងនឹងសំឡេង/ចម្រៀងទេលើផ្ទៃអេក្រង់នោះឡើយ។ មុខងារ “Clear Mode” ត្រូវបានគេប្រទះឃើញជាលើកដំបូងកាលពីសប្ដាហ៍មុន ដោយអតីតអ្នកធ្វើការឲ្យគេហទំព័រ The Next Web ហើយតិកតុកផ្ដល់ការបញ្ជាក់នេះទៅកាន់គេហទំព័រ TechCrunch កាលពីថ្ងៃអង្គារដែរថា ខ្លួនកំពុងធ្វើតេស្ដមុខងារមួយនេះ។
ក្រុមហ៊ុនមិនបាននិយាយថា តើនៅពេលណាមុខងារ Clear Modeនឹងបញ្ចេញឲ្យប្រើប្រាស់កាន់តែទូលំទូលាយ។ ប្រសិនបើអ្នកស្ថិតនៅក្នុងការធ្វើតេស្ដនេះអ្នកអាចនឹងចូលទៅប្រើមុខងារ Clear Mode បាន ដោយគ្រាន់តែចុចសង្កត់ឲ្យយូរនៅលើវីដេអូវានឹងចេញជម្រើសឲ្យអ្នកធ្វើការជ្រើសរើសហើយ។ ដូចដែលគេហទំព័រ TechCrunch បានបង្ហាញ ប្រសិនបើមុខងារនេះដាក់ឲ្យប្រើប្រាស់ផ្លូវការនោះគេកាន់តែងាយស្រួលក្នុងការ screenshot វីដេអូ។
ជាមួយនឹងលក្ខណៈពិសេសនេះអ្នកប្រើប្រាស់អាចមើលវីដេអូនៅលើតិកតុកកាន់តែស្រឡះភ្នែកជាងមុនដោយមិនមានចំណងជើងឬប៊ូតុងផ្សេងៗ មកបាំងត្រង់ផ្នែកមួយចំនួន ដែលយើងចង់ឃើញនៅលើវីដេអូហើយអ្នកអាចដាក់ប៊ូតុងទាំងនេះត្រលប់មកវិញពេលណាក៏បាន៕
ប្រភព: Engadget