ប្រេស៊ីល៖ កញ្ចាញ់ចេកមាឌល្អិតពូជថ្មីមួយប្រភេទមានសម្បុរពណ៌ទឹកក្រូចត្រូវបានគេប្រទះឃើញនៅតំបន់ភ្នំ ក្នុងប្រទេសប្រេស៊ីល។ថលជលិកសត្វនេះមានប្រវែងមិនដល់មួយអ៊ីញផង ហើយវាស្ថិតនៅក្នុងផ្នែកមួយនៃខ្សែអំបូរកញ្ចាញ់ចេកពណ៌ល្ពៅដែលជាប្រភេទពូជសត្វមានមាឌល្អិតនិងពន្លឺភ្លឺ។ សត្វប្រភេទនេះត្រូវបានគេប្រទះឃើញដំបូងនៅក្នុងឆ្នាំ២០១៦ នៅជួរភ្នំ Mantiqueiraនៃប្រទេសប្រេស៊ីល នេះបើយោងតាមសាស្ត្រាចារ្យ Ivan Nunes នៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រជីវនិងបរិស្ថាននៃសាកលវិទ្យាល័យ São Paulo State University ក្នុងប្រទេសប្រេស៊ីល។
កាលដើមឡើយ គេគិតថាវាស្ថិតនៅក្នុងអំបូរ B. ephippiumប៉ុន្តែការសិក្សាបានបង្ហាញថាសត្វប្រភេទថ្មីនេះមានរូបរាងស្រដៀងនឹងប្រភេទពូជដទៃជាច្រើន នេះបើយោងតាមបច្ចាបណ្ឌិត អ្នកនាង Sandra Goutteជាសហការីនៅពីក្រោយការសិក្សា នៅសាកលវិទ្យាល័យ New York University Abu Dhabi។ អំបូរកញ្ចាញ់ចេកដែលទើបតែកំណត់អត្តសញ្ញាណនេះគឺមានជាតិពិសប៉ុន្តែផលប៉ះពាល់របស់វាមកកាន់មនុស្សគឺតិចតួចបំផុត។
មនុស្សអាចប៉ះវាបានដោយដៃទទេប៉ុន្តែកុំព្យាយាមប៉ះផ្នែកត្រង់ភ្នែកនិងមាត់។ សត្វកញ្ចាញ់ចេកមួយនេះមានជាតិពិសដ៏សម្ងាត់មួយត្រូវបានគេហៅថាtetrodotoxin។ អ្នកនាង Goutte បាននិយាយថា មនុស្សអាចនឹងត្រូវពិសប្រសិនបើមានស្នាមរបួសកំឡុងពេលប៉ះពាល់សត្វនេះ ឬក៏លេបកូនកញ្ចាញ់ចេកនេះ។
មិនត្រឹមតែមានជាតិពិសប៉ុណ្ណោះទេវាថែមទាំងអាចបញ្ចេញពន្លឺ ចេញពីរាងកាយរបស់វាផងដែរ។ មនុស្សមិនអាចមើលឃើញការបញ្ចេញពន្លឺរបស់វាដោយពន្លឺធម្មតានោះទេ ប៉ុន្តែគេអាចមើលឃើញ នៅពេលប្រើប្រាស់ពន្លឺ UV។ ក្រុមអ្នកស្រាវជ្រាវក៏មិនទាន់ច្បាស់ថាហេតុអ្វីបានជាកូនសត្វកញ្ចាញ់ចេកប្រភេទនេះអាចបញ្ចេញពន្លឺបាននោះទេ៕