រ៉ូវើ Perseverance កំពុងស្វែងរកផ្ទៃរាបស្មើ លើភពអង្គារ សម្រាប់បាញ់បង្ហោះ នាំសំណាកយកមកផែនដី - TrueID

រ៉ូវើ Perseverance កំពុងស្វែងរកផ្ទៃរាបស្មើ លើភពអង្គារ សម្រាប់បាញ់បង្ហោះ នាំសំណាកយកមកផែនដី

July 18, 2022

បរទេស៖ យានរ៉ូវើ Perseverance ឥឡូវនេះមានការងារថ្មីមួយគឺដើរតួជាអ្នករុករកទីតាំងនៅលើភពអង្គារ។ បន្ថែមពីលើការប្រមូលសំណាកដំបូងពីដីសណ្ដទន្លេបុរាណនៅលើភពក្រហមមួយនេះរ៉ូបូតរុករកមួយនេះបាននិងកំពុងស្វែងរកតំបន់រាបស្មើ ជុំវិញរណ្ដៅ Jezeroដែលអាចបម្រើជាកន្លែងចុះចតសម្រាប់យុទ្ធនាការបញ្ជូនសំណាកភពអង្គារទៅកាន់ផែនដី។គំនិតផ្ដួចផ្ដើមដ៏មានមហិច្ឆតានេះ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងទីភ្នាក់ងារអវកាសណាសានិងទីភ្នាក់ងារអវកាសអឺរ៉ុប នឹងពឹងផ្អែកលើបេសកកម្មជាច្រើនដើម្បីយកសំណាកដែលប្រមូលបានដោយរ៉ូវើ Perseverance ហើយបញ្ជូនពួកវាមកកាន់ផែនដីវិញក្នុងទសវត្សរ៍ក្រោយ។

គំរូទាំងនេះនឹងជាសំណាកភពអង្គារដំបូងដែលនឹងបញ្ជូនត្រលប់មកកាន់ផែនដី។ នៅពេលដែល Perseverance អង្កេតទីតាំងនៃបឹងបុរាណដែលធ្លាប់មានកាលពីរាប់ពាន់លានឆ្នាំមុនយាននេះកំពុងប្រមូលថ្មនិងដី។ វត្ថុធាតុនេះមានការចាប់អារម្មណ៍ ព្រោះវាមានផ្ទុកភស្ដុតាងនៃសារពាង្គកាយមីក្រូតូចៗពីអតីតកាលដែលនឹងបង្ហាញថាតើជីវិតធ្លាប់មាននៅលើភពអង្គារដែរឬទេ។អ្នកវិទ្យាសាស្ត្រនឹងមានឱកាសប្រើប្រាស់ឧបករណ៍ទំនើបៗមួយចំនួន ជុំវិញពិភពលោកដើម្បីសិក្សាសំណាកដ៏មានតម្លៃទាំងនេះ។

យុទ្ធនាការដើម្បីនាំយកសំណាកភពអង្គារ មកកាន់ផែនដីនឹងចាប់ផ្ដើមនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០២០ នៅពេលដែលរ៉ុក្កែតមួយបាញ់បង្ហោះក្នុងបេសកកម្មទៅកាន់ភពអង្គារ ដែលដឹកយាន Sample Retrieval Lander និងរ៉ូវើ Sample Fetch Rover។ នៅពេលដែលយានចុះចតមកដល់ភពអង្គារ វានឹងចុះនៅជិតរណ្ដៅ Jezeroនិងបញ្ចេញរ៉ូវើថ្មី ឲ្យទៅយកសំណាកពីតំបន់ដែលយានរ៉ូវើ Perseveranceបានរក្សាទុកពូកវានៅលើផ្ទៃភពអង្គារ។ វាក៏មានលទ្ធភាពផងដែរ ដែល Perseveranceអាចរក្សាសំណាកខ្លះនៅក្នុងខ្លួនរបស់វា ហើយបញ្ជូនវាទៅឲ្យយានចុះចត។រ៉ូវើថ្មីទៅយកសំណាកមិនមែនជាយានអវកាសតែមួយគត់ ដែលជិះពីលើយានចុះចតនោះទេ។យានចុះចតក៏ដឹកកូនរ៉ុក្កែត Mars Ascent Vehicle ដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក ដោយរ៉ុក្កែតនេះនឹងបាញ់បង្ហោះពីផ្ទៃភពអង្គារ រួមមានសំណាកនៅពីខាងក្នុងដោយសុវត្ថិភាព។

បេសកកម្មដាច់ដោយឡែកមួយទៀត នឹងបាញ់បង្ហោះពីផែនដី ក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០២០ ដោយមានយាន Earth Return Orbiter ដែលនឹងស្កាត់ជួបជាមួយកូនរ៉ុក្កែត Mars Ascent Vehicle ដើម្បីធ្វើការរួមគ្នា។ យាន Earth Return Orbiter នឹងចាំយកប្រអប់ផ្ទុកសំណាកពីរ៉ុក្កែតMars Ascent Vehicle ខណៈពួកវាកំពុងស្ថិតនៅលើគន្លងគោចរជុំវិញភពអង្គារ។ យាន Earth Return Orbiterនឹងត្រលប់មកកាន់ផែនដីវិញ ហើយនៅពេលដែលយានអវកាសមកជិតផែនដីវិញ វានឹងបញ្ចេញយាន EarthEntry Vehicle ដែលមានផ្ទុកសំណាក ហើយយានអវកាសនោះនឹងចុះចតមកលើផែនដីពីដើមទៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០៣០៕

រូបភាពថ្មនិងដីនៅលើភពអង្គារ ថតដោយរ៉ូវើ Perseverance
រូបភាពថ្មនិងដីនៅលើភពអង្គារ ថតដោយរ៉ូវើ Perseverance
យាន Sample Retrieval Lander និងកូនរ៉ុក្កែត Mars Ascent Vehicle
យាន Sample Retrieval Lander និងកូនរ៉ុក្កែត Mars Ascent Vehicle
កូនរ៉ុក្កែត Mars Ascent Vehicle មានផ្ទុកសំណាកពីខាងក្នុង
កូនរ៉ុក្កែត Mars Ascent Vehicle មានផ្ទុកសំណាកពីខាងក្នុង

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...