ចិន៖ ទូរសព្ទ Xiaomi Civi 2 គ្រោងនឹងបញ្ចេញនៅថ្ងៃទី27 ខែកញ្ញា។ មុនថ្ងៃមកដល់ ក្រុមហ៊ុន Xiaomi កំពុងតែបង្ហាញរូបភាពteaser នៃស្មាតហ្វូននេះហើយឥឡូវនេះបានបញ្ជាក់ពីការរចនារបស់វា ដោយ Civi 2 មើលទៅជាស្មាតហ្វូនដំបូងគេដែលមានរន្ធទម្លុះអេក្រង់រាងទ្រវែង ដូចនឹង iPhone 14 Pro ដែរ។Civi 2 នឹងបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងរន្ធរាងទ្រវែងជាជាងរន្ធមូល។
វាមិនមែនជាឧបករណ៍ Android ដំបូងគេដែលដាក់រន្ធទម្លុះអេក្រង់រាងទ្រវែងទេ ព្រោះថាទូរសព្ទ Galaxy S10+ មានលក្ខណៈពិសេសមួយនេះ តាំងពីឆ្នាំ2019។មិនដូចស្មាតហ្វូនរបស់ Samsung ទេរន្ធទម្លុះអេក្រង់រាងទ្រវែងថ្មីនេះ គឺស្ថិតនៅចំកណ្ដាល ដែលជាការបំផុសគំនិតពី iPhone14 Pro និង iPhone 14 Pro Max ថ្មីរបស់ Apple។ នៅក្នុងរន្ធរាងទ្រវែងរបស់ Civi 2 នឹងមានផ្ទុកកាមេរ៉ា32MP ចំនួនពីរ ដោយមួយជាកាមេរ៉ាសែហ្វីគោលនិងមួយទៀតជាឡេនទូលាយ។
ស៊េរី Civi របស់ Xiaomi បានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំមុន ក្នុងនាមជាសែស្រឡាយដែលផ្ដោតលើការរចនានិងដំណើការកាមេរ៉ា ហើយមើលទៅនឹងបន្តជាមួយនឹង Civi 2 ផងដែរ។ បន្ថែមពីលើកាមេរ៉ាសែហ្វីចំនួនពីរទូរសព្ទលំដាប់កណ្ដាលមួយនេះ នឹងមានសេនស័រកាមេរ៉ា IMX766 ទំហំ50MPនៅពីខាងក្រោយ។ វាមើលទៅមានកាមេរ៉ាខាងក្រោយចំនួនបីដូច្នេះកាមេរ៉ាទីពីរអាចត្រូវបានគេរំពឹងថា ជាឡេនទូលាយ និងទីបីទំនងជាឡេនម៉ាក្រូ៕
ប្រភព: Notebookcheck