អង់គ្លេស៖ ខណៈសីតុណ្ហភាពបានគ្របដណ្ដប់ភាគច្រើននៃចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និងOracle បានរងការកាត់ផ្ដាច់ ដោយសារប្រព័ន្ធត្រជាក់មិនអាចទប់ជាប់នៅមជ្ឈមណ្ឌលទិន្នន័យទីក្រុងឡុងដ៍។មជ្ឈមណ្ឌលទិន្នន័យគឺជាអាគារធំដែលមានសុវត្ថិភាពខ្ពស់ ដែលផ្ទុកកុំព្យូទ័រនិងជាកន្លែងផ្ដល់ថាមពលនៅពីក្រោយសេវាកម្មអនឡាញជាច្រើន។ ប៉ុន្តែថាមពលកុំព្យូទ័រដែលប្រមូលផ្ដុំបានឡើងកម្ដៅខ្លាំង ដូច្នេះភាពត្រជាក់មានសារៈសំខាន់ណាស់។ ក្រុមហ៊ុនទាំងពីរនិយាយថាពេលនេះបញ្ហាត្រូវបានដោះស្រាយហើយ។
ក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនប្រព័ន្ធទិន្នន័យនិងអាជីវកម្មបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកបានរាយការណ៍ពីបញ្ហាឡើងកម្ដៅមុនម៉ោង 16:00 BST (ម៉ោង10យប់ នៅកម្ពុជា)។ ក្រុមហ៊ុនបានសរសេរនៅលើទំព័រស្ថានភាពរបស់ខ្លួនដោយត្រូវបានប្រទះឃើញលើកដំបូងដោយវេបសាយ The Register ថា៖«បន្ទាប់ពីសីតុណ្ហភាពខ្ពស់មិនសមហេតុផល នៅក្នុងតំបន់ភាគខាងត្បូង (ទីក្រុងឡុងដ៍)របស់ចក្រភពអង់គ្លេស គ្រឿងប្រព័ន្ធត្រជាក់ពីរនៅក្នុងមជ្ឈមណ្ឌលទិន្នន័យបានជួបប្រទះនឹងភាពបរាជ័យនៅពេលដែលពួកវាត្រូវបានគេតម្រូវឲ្យធ្វើប្រតិបត្តិការលើសពីដែនកំណត់នៃការរចនារបស់ពួកវា»។ «ជាលទ្ធផលសីតុណ្ហភាពនៅមជ្ឈមណ្ឌលទិន្នន័យចាប់ផ្ដើមកើនឡើងដែលបណ្ដាលឲ្យប្រព័ន្ធមួយចំនួនត្រូវបិទ ជាវិធានការការពារ»។
ខណៈពេលអង់គ្លេសត្រូវបានដុតកម្ដៅ ការឡើងកម្ដៅនេះក៏បានវាយប្រហារទីតាំងមជ្ឈមណ្ឌលទិន្នន័យGoogle Cloud នៅទីក្រុងឡុងដ៍ផងដែរ។ ដើម្បីការពារការខូចខាតម៉ាស៊ីននិងអូសបន្លាយការកាត់ផ្ដាច់ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបិទម៉ាស៊ីនមួយចំនួន។ដោយសារតែទិន្នន័យដែលបានដំណើរការអាចមានតម្លៃខ្ពស់សម្រាប់អតិថិជនរបស់ពួកគេ មជ្ឈមណ្ឌលត្រូវបានបង្កើតឡើងជាមួយនឹងការបម្រុងទុកជាច្រើន រួមទាំងសមត្ថភាពត្រជាក់ច្រើន៕
ប្រភព: BBC