បរទេស៖ SpaceX បានបាញ់យានអវកាសDragon ជំនាន់ថ្មីដែលជាបេសកកម្ម CRS លើកទី២១របស់ខ្លួនសម្រាប់អង្គការណាសា ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃអាទិត្យនៅម៉ោង ១១:១៧នាទីព្រឹក ខាងកើតពីមជ្ឈមណ្ឌលអវកាសKennedy ក្នុងរដ្ឋ Florida។ យានអវកាសថ្មីនេះមានសមត្ថភាពផ្ទុកកាន់តែច្រើនហើយអាចចុះចតដោយខ្លួនឯងបាននៅស្ថានីយអវកាស ដែលទាំងនេះជាការកែលម្អពីយានជំនាន់មុន។
នេះគឺជាការបាញ់លើកទីមួយសម្រាប់យាន Dragon ដែលបានរចនាឡើងវិញនេះ ហើយក៏ជាបេសកកម្មដំបូងសម្រាប់បេសកកម្ម CRS ស៊េរីថ្មីរបស់ SpaceXក្រោមកិច្ចសន្យាបន្តជាមួយអង្គការណាសា។វាផ្ទុកទម្ងន់៦,៤០០ផោននៃសំភារៈផ្គត់ផ្គង់ទាំងអស់ សម្រាប់ស្ថានីយអវកាស និងក្រុមអវកាសយានិក ក៏ដូចជាសំភារៈពិសោធន៍ និងឧបករណ៍សម្រាប់ការស្រាវជ្រាវដែលធ្វើនៅលើស្ថានីយអវកាសផងដែរ។
យាន Dragon ជំនាន់ថ្មីនេះអាចផ្ទុកបាន ២០% ច្រើនជាងយានអវកាសលើកមុនរបស់ SpaceX ហើយវាក៏មានចំនួន powered lockers ទ្វេដងផងដែរសម្រាប់ការដឹកជញ្ជូនសម្ភារៈពិសោធន៍៕