បរទេស៖ នៅពេលយានអវកាស Double Asteroid Redirection Test (DART) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបុកចូលទៅកាន់អាចម៍ផ្កាយDimorphos ដ៏តូច ផលប៉ះពាល់ពិតជាបានបន្សល់ទុកនូវសញ្ញាមួយ។ការប៉ះគ្នាដោយការគ្រោងទុកនេះ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញាជាការធ្វើតេស្ដបច្ចេកវិទ្យាផ្លាត បានធ្វើឲ្យខ្ទាតចេញនូវថ្មនិងធូលីជាង១លានគីឡូក្រាមពីអាចម៍ផ្កាយនេះទៅកាន់លំហ។ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា រូបធាតុនេះគឺគ្រប់គ្រាន់ដើម្បីចាក់បំពេញរថភ្លើង ប្រហែល៦ឬ៧។
ការយល់ដឹងដែលទទួលបានពីការប៉ះគ្នាកំពុងជួយអ្នកវិទ្យាសាស្ត្រស្វែងយល់ពីរបៀបដែលបច្ចេកទេសការពារភពនេះអាចនឹងត្រូវបានប្រើប្រាស់នាពេលអនាគត។ នោះគឺថាប្រសិនបើអាចម៍ផ្កាយមួយត្រូវបានរកឃើញថា កំពុងស្ថិតនៅលើគន្លង មកបុកជាមួយនឹងផែនដី។ ទាំងកូនអាចម៍ផ្កាយDimorphos និងមេអាចម៍ផ្កាយ Didymosដែលមានកូនអាចម៍ផ្កាយវិលជុំវិញ មិនបង្កការគំរាមកំហែងដល់ផែនដីនោះទេប៉ុន្តែប្រព័ន្ធអាចម៍ផ្កាយនេះត្រូវបានគេជ្រើសរើស សម្រាប់គោលដៅធ្វើតេស្ដដ៏ល្អបំផុត។
រូបភាពដែលថតបានដោយតេឡេទស្សន៍នៅលើដី មុននិងបន្ទាប់ពីផលប៉ះពាល់កំពុងជួយអ្នកវិទ្យាសាស្ត្ររួមគ្នានូវអ្វីដែលបានកើតឡើង នៅពេលដែលយានបុកចូលទៅក្នុង Dimorphos ក្នុងល្បឿន២២,៥៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ បេសកកម្ម DART បានផ្លាស់ប្ដូរគន្លងនៃអាចម៍ផ្កាយ Dimorphos ដោយជោគជ័យដែលនេះជាលើកទីមួយដែលមនុស្សជាតិ មានចេតនាផ្លាស់ប្ដូរចលនារបស់អង្គអវកាស នៅក្នុងលំហ។មុនពេលមានការប៉ះទង្គិច កូនអាចម៍ផ្កាយនេះចំណាយពេល១១ម៉ោងនិង៥៥នាទីដើម្បីគោចរជុំវិញគន្លងមេអាចម៍ផ្កាយ Didymos។
ឥឡូវវាចំណាយពេលតែ១១ម៉ោងនិង២៣នាទីប៉ុណ្ណោះ ដើម្បីវិលជុំវិញ Didymos។ យានអវកាស DART បានផ្លាស់ប្ដូរគន្លងរបស់កូនអាចម៍ផ្កាយត្រឹម៣២នាទី។ ដើមឡើយ ក្រុមតារាវិទូរំពឹងថា DART នឹងទទួលបានជោគជ័យដោយគ្រាន់កាត់បន្ថយគន្លងគោចរ ត្រឹមតែ១០នាទី៕
ប្រភព: CNN