បរទេស៖ ជាលើកដំបូង ក្រុមតារាវិទូបានកំណត់ពណ៌ពិតនៃភពមួយដែលគោចរជុំវិញផ្កាយមួយផ្សេងទៀត។ ភពមួយនេះត្រូវបានគេហៅថា HD189733bមានពណ៌ខៀវចាស់ ហើយប្រហែលជាដោយសារតែមានភ្លៀងស៊ីលីកាត (កញ្ចក់) នៅក្នុងបរិយាកាសដែលសាយភាយពន្លឺពណ៌ខៀវ។
ថ្វីបើវាមើលទៅស្រដៀងនឹងផែនដីដែលនៅសែនឆ្ងាយ ភព HD189733bគឺជាភពយក្យឧស្ម័ន ដែលគោចរជុំវិញនៅជិតផ្កាយរបស់វា។សីតុណ្ហភាពនៃបរិយាកាសរបស់ភពនេះគឺ១,០០០អង្សាសេ ហើយមានភ្លៀងកញ្ចក់ និងល្បឿនខ្យល់បក់៧,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។បរិយាកាសរបស់វាត្រូវបានគេរកឃើញថា អាចផ្លាស់ប្ដូរបាននិងចម្លែក ជាមួយនឹងអ័ព្ទនិងសន្ទុះនៃរំហួតខ្លាំង។
ភពមួយនេះស្ថិតនៅចម្ងាយ៦៣ឆ្នាំពន្លឺពីពួកយើង។ វាត្រូវបានគេសិក្សា ទាំងនៅតេឡេទស្សន៍លើដីនិងលើអវកាស។ឥឡូវ ក្រុមតារាវិទូអាចគណនាឃើញពណ៌របស់ភពនេះ។ ដើម្បីគណនាថាតើភ្នែករបស់យើងអាចមើលឃើញភពនេះបែបណាក្រុមតារាវិទូបានវាស់ស្ទង់ កម្រិតពន្លឺដែលត្រូវបានចាំងផ្លាតត្រឡប់ពីផ្ទៃភពនេះមកវិញ។
ផែនដីរបស់យើងមើលឃើញពណ៌ខៀវពីលំហ ដោយសារតែមហាសមុទ្រស្រូបយកជំហានរលកក្រហមនិងបៃតងខ្លាំងជាងពណ៌ខៀវហើយចាំងឆ្លុះពណ៌ខៀវនៃផ្ទៃមេឃ។ ចំណែកភពនៅក្រៅប្រព័ន្ធព្រះអាទិត្យនេះវិញមានពណ៌ខៀវដែរ តែមិនមែនមកពីមហាសមុទ្រនោះទេប្រហែលដោយសារបរិយាកាសច្របូកច្របល់ដែលបានគ្រប់ដណ្ដប់ដោយភាគល្អិតនៃស៊ីលីកាត ដែលពង្រាយពន្លឺពណ៌ខៀវ៕
ប្រភព: BBC