បរទេស៖ ក្រុម Anonymous អន្តរជាតិប្រកាសពីគម្រោងវាយប្រហារលោក Elon Musk ដោយសារលោកបានធ្វើឱ្យតម្លៃរូបិយប័ណ្ណឌីជីថលធ្លាក់ចុះ តាមសារធ្វីតរបស់លោក។
នៅក្នុងវីដេអូ ក្រុមនេះបានអះអាងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla មានអំណាចច្រើនពេកទៅលើទីផ្សាររូបិយប័ណ្ណឌីជីថល ហើយពួកគេទ្រាំលែងបាននឹងអាកប្បកិរិយាមិនខ្វល់ខ្វាយរបស់លោក Musk ទៅលើរឿងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Musk បានបង្ហោះធ្វីតមួយ ដែលបង្ហាញថាលោកលែងនៅជាមួយ Bitcoin ទៀតហើយ។ ធ្វីតនេះមានរូបសញ្ញា Bitcoin និងរូប emoji ខូចចិត្តប្រេះបេះដូងជាពីរទៀតផង។
ការធ្វើបែបនេះ បានធ្វើឱ្យតម្លៃ Bitcoin ធ្លាក់ចុះ7% កាលពីថ្ងៃសុក្រ។
ដំបូងលោក Musk គឺជាអ្នកគាំទ្ររូបិយប័ណ្ណឌីជីថល ប៉ុន្តែបានក្លាយជាអ្នករិះគន់ Bitcoin វិញចាប់តាំងពីការផ្អាកលែងទទួល Bitcoin ជាការទូទាត់របស់ក្រុមហ៊ុន Tesla ដោយសារតែព្រួយបារម្ភអំពីការប្រើប្រាស់ថាមពលក្នុងការ mining យកវា។
ក្រុម Anonymous ក៏និយាយចំៗថាលោក Musk មានជំងឺតួឯក ហើយនិយាយថាលោកកំពុងធ្វើឱ្យមនុស្សម្នាជាច្រើនឈឺចាប់ ដោយសារតែការធ្វើទីផ្សាររូបិយប័ណ្ណឌីជីថលឡើងចុះតាមតែអំពើចិត្តរបស់លោក៕