បរទេស៖ ក្រុមហ៊ុន Apple នឹងត្រូវអនុវត្តតាមច្បាប់របស់សហភាពអឺរ៉ុបដែលកំណត់ឧបករណ៍អេឡិចត្រូនិច ឲ្យប្រើស្ដង់ដារសាកថ្មជារួមមួយ ដែលគេស្គាល់ថាជា USB-C។ លោក GregJoswiak អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple បាននិយាយនៅក្នុងសន្និសីទ The Wall Street Journal Tech Live កាលពីថ្ងៃអង្គារថា៖«ជាក់ស្ដែង យើងនឹងត្រូវតែអនុវត្តតាម»។
កាលពីថ្ងៃចន្ទនេះរដ្ឋមន្ត្រីមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានផ្ដល់ការអនុម័តចុងក្រោយ ចំពោះច្បាប់នៃការប្រើប្រាស់ឆ្នាំងសាកជារួមដែលមានន័យថា នៅឆ្នាំ2024 ឧបករណ៍អេឡិចត្រូនិចរួមទាំងទូរសព្ទដៃនិងថេប្លេតនឹងត្រូវតែគាំទ្រការសាក USB-C។ ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ប្រើប្រាស់ការសាកតាមរន្ធ Lightningផ្ទាល់ខ្លួន។ នៅក្រោមច្បាប់សហភាពអឺរ៉ុបនាពេលខាងមុខ iPhone នឹងត្រូវគាំទ្រការសាកតាមរន្ធ USB-C។
លោក Joswiakមិនបាននិយាយថា នៅពេលណាដែល Apple នឹងនាំ USB-Cទៅកាន់ស្មាតហ្វូនរបស់ខ្លួននោះទេ ប៉ុន្តែវានឹងត្រូវកើតឡើងយ៉ាងហោចណាស់ត្រឹមឆ្នាំ2024។ កាលពីមុនអ្នកវិភាគបានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា iPhone ដែលនឹងគ្រោងចេញនៅឆ្នាំ2023 អាចត្រូវបានបំពាក់ជាមួយរន្ធ USB-C ហើយថា Appleទំនងជានាំការសាកបែបនេះជាសកល មិនមែនសម្រាប់តែនៅក្នុងសហភាពអឺរ៉ុបតែប៉ុណ្ណឹងទេ៕
ប្រភព: CNBC