អាចម៍ផ្កាយដែលយាន NASA ហោះបំ-បុ.ក កាលពីខែមុន ឥឡូវស្រាប់តែលេចចេញកន្ទុយធូលី ដល់ទៅពីរ - TrueID

អាចម៍ផ្កាយដែលយាន NASA ហោះបំ-បុ.ក កាលពីខែមុន ឥឡូវស្រាប់តែលេចចេញកន្ទុយធូលី ដល់ទៅពីរ

October 21, 2022

បរទេស៖ តេឡេទស្សន៍អវកាស Hubble បានចាប់យករូបភាពថ្មីនៃអាចម៍ផ្កាយ ដែលយានអវកាសរបស់ NASAថ្មីៗនេះបានហោះទៅបំបុក ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរគន្លងរបស់វាហើយរូបភាពនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ចំពោះលទ្ធផលដែលនឹកស្មានមិនដល់មួយចំនួនពីបេសកកម្មនេះដោយវាបង្ហាញពីកន្ទុយភ្លោះនៃកម្ទេចធូលីនៅពីខាងក្រោយប្រព័ន្ធអាចម៍ផ្កាយនេះ។រូបភាពដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ គឺជាការសង្កេតមួយក្នុងចំណោម១៨ដែលតេឡេទស្សន៍ Hubble បានធ្វើឡើងទៅកាន់ប្រព័ន្ធអាចម៍ផ្កាយ Didymos-Dimorphos ចាប់តាំងពីការធ្វើតេស្ដ Double Asteroid Redirection Test ឬហៅខ្លីថា DART របស់ NASA ដែលជាបេសកកម្មហោះបំបុករបស់យានទៅកាន់អាចម៍ផ្កាយDimorphos ក្នុងខែកញ្ញា។

អ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីស្វែងយល់ពីសារៈសំខាន់នៃកន្ទុយដែលបានបំបែកចេញពីគ្នា។ ទីភ្នាក់ងារអវកាសអាមេរិកNASA កត់សម្គាល់ថាវាជាកន្ទុយខាងជើងបំផុតដែលត្រូវបានបង្កើតថ្មី ហើយអ្នកវិទ្យាសាស្ត្ររំពឹងថានឹងប្រើប្រាស់ទិន្នន័យពី Hubble ក្នុងប៉ុន្មានខែខាងមុខនេះដើម្បីពិនិត្យមើលកាន់តែដិតដល់ ពីរបៀបដែលវាបង្កើតឡើង។ អាចម៍ផ្កាយ Dimorphos ដែលជាគោលដៅនៃបេសកកម្ម DART របស់ NASA គឺជាអាចម៍ផ្កាយតូច ដែលធ្វើដំណើរគោចរជុំវិញអាចម៍ផ្កាយ Didymos ដែលមានទំហំធំជាង។

ក្រុមតារាវិទូបានរំពឹងថាបេសកកម្មនេះអាចត្រូវបានចាត់ទុកថាជោគជ័យ ប្រសិនបើផលប៉ះពាល់ពីយាន DART អាចនឹងកាត់បន្ថយគន្លងធ្វើដំណើររបស់កូនអាចម៍ផ្កាយ Dimorphos ត្រឹមរយៈពេល១០នាទី។ ប៉ុន្តែ NASA បានបង្ហាញនៅក្នុងខែនេះថាវាអាចកាត់បន្ថយគន្លងធ្វើដំណើររបស់អាចម៍ផ្កាយនេះ រហូតទៅដល់រយៈពេល៣២នាទីពី១១ម៉ោងនិង៥៥នាទី មកនៅត្រឹម១១ម៉ោងនិង២៣នាទីវិញ។

បេសកកម្ម DART គឺជាបេសកកម្មដំបូងគេរបស់ពិភពលោក ដែលធ្វើឡើងក្នុងនាមជាការការពារដែនភពដោយមានគោលដៅនៃការធ្វើតេស្ដបច្ចេកវិទ្យា ដែលអាចប្រើប្រាស់ក្នុងថ្ងៃណាមួយ ដើម្បីបញ្ចៀសអាចម៍ផ្កាយណាមួយសំដៅមកកាន់ផែនដី។ បេសកម្មនេះក៏ជាលើកទីមួយដែរដែលមនុស្សជាតិមានបំណងផ្លាស់ប្ដូរចលនារបស់អង្គនៅក្នុងលំហ៕

កន្ទុយធូលី ដែលលេចចេញពីប្រព័ន្ធអាចម៍ផ្កាយ Didymos-Dimorphos
កន្ទុយធូលី ដែលលេចចេញពីប្រព័ន្ធអាចម៍ផ្កាយ Didymos-Dimorphos

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...