ចិន៖ ក្រុមហ៊ុន Huawei នៅថ្ងៃពុធនេះ បានដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនទៅកាន់ឧបករណ៍មួយចំនួន រួមទាំងស្មាតហ្វូនផងដែរ។ ការផ្លាស់ប្តូរនេះបានកើតឡើង ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ចង់ផ្តាច់ខ្លួនពីការពឹងផ្អែកលើបច្ចេកវិទ្យាសហរដ្ឋអាមេរិក និងអាចប្រកួតជាមួយកម្មវិធីពី Apple និង Google បាន។
ប្រព័ន្ធប្រតិបត្តិការ HarmonyOS បានដាក់ឱ្យដំណើរការនៅឆ្នាំ2019 បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ Huawei ក្នុងបញ្ជីខ្មៅ ដោយបានកាត់ផ្តាច់មិនឱ្យប្រើ Android របស់ Google។ ការដាក់ទណ្ឌកម្មបែបនេះ បានធ្វើឱ្យអាជីវកម្មស្មាតហ្វូនរបស់ Huawei បះជើង ក្រោយពីប៉ុន្មានខែដែលខ្លួនបានឈរនៅលំដាប់ទីមួយនៅលើពិភពលោក។
ក្រុមហ៊ុន Huawei បានបង្កើត HarmonyOS តាំងពីឆ្នាំ2016 ហើយចាត់ទុកវាថាជាប្រព័ន្ធប្រតិបត្តិការដែលអាចដំណើរការបាននៅលើឧបករណ៍ភ្ជាប់អ៊ីនធើណេតជាច្រើនពីស្មាតហ្វូន រហូតដល់ឧបករណ៍ពាក់ដៃ។
ការផ្តោតទៅលើកម្មវិធី HarmonyOS គឺជាវិធីមួយដែលក្រុមហ៊ុន Huawei កំពុងព្យាយាមធ្វើឱ្យប្លែកពីប្រព័ន្ធប្រតិបត្តិដទៃទៀតដូចជា Android របស់ Google និង iOS របស់ Apple៕