បរទេស៖ ត្រៀមខ្លួន ដើម្បីមើលទិដ្ឋភាពដ៏អស្ចារ្យមួយចំនួននៃចក្រវាលខណៈដែលយើងមិនធ្លាប់បានឃើញពីមុនមក។ តេឡេទស្សន៍អវកាស James Webb នឹងបញ្ចេញរូបភាពពណ៌ដែលមានគុណភាពបង្ហាញខ្ពស់លើកដំបូងរបស់ខ្លួននៅថ្ងៃទី១២ ខែកក្កដា ដែលមួយក្នុងចំណោមនោះគឺជារូបភាពដ៏ជ្រៅបំផុតនៃចក្រវាលរបស់យើងដែលមិនធ្លាប់មាន នេះបើយោងតាមអ្នកគ្រប់គ្រងរបស់ទីភ្នាក់ងារអវកាសណាសា លោក BillNelson។
អ្នកអង្កេតអវកាសមួយនេះដែលត្រូវបានបាញ់បង្ហោះកាលពីខែធ្នូនឹងអាចមើលចូលទៅខាងក្នុងបរិយាកាសនៃភពក្រៅ និងសង្កេតមើលកាឡាក់ស៊ីដំបូងៗមួយចំនួនដែលបានបង្កើតបន្ទាប់ពីចក្រវាលបានចាប់ផ្ដើម ដោយមើលពួកវាតាមរយៈពន្លឺអាំងប្រាក្រហមដែលមើលមិនឃើញដោយភ្នែកមនុស្ស។ការបញ្ចេញរូបភាពដំបូងនឹងបង្ហាញពីសមត្ថភាពវិទ្យាសាស្ត្ររបស់តេឡេទស្សន៍ Webb ក៏ដូចជាសមត្ថភាពនៃកញ្ចក់ពណ៌មាសដ៏ធំរបស់វា និងឧបករណ៍វិទ្យាសាស្ត្រក្នុងការផលិតរូបភាពដ៏អស្ចារ្យ។
គោលដៅដំបូងទាំងប្រាំនៃតេឡេទស្សន៍ Webb ពីលោកធាតុ ត្រូវបានចែករំលែកដោយណាសាកាលពីថ្ងៃសុក្រ ដោយបង្ហាញរូបភាព teaser សម្រាប់អ្វីដែលយើងអាចរំពឹងទុកនៅក្នុងការបញ្ចេញរូបភាព។គោលដៅត្រូវបានជ្រើសរើសដោយគណៈកម្មាធិការអន្តរជាតិ រួមមានសមាជិកមកពីណាសាទីភ្នាក់ងារអវកាសអឺរ៉ុប ទីភ្នាក់ងារអវកាសកាណាដា និងវិទ្យាស្ថានតេឡេទស្សន៍អវកាសនៅទីក្រុងBaltimore។
គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ គឺជាណេប៊ុយឡា Carina ចម្ងាយ៧,៦០០ឆ្នាំពន្លឺ។ គោលដៅបន្ទាប់គឺជាភពក្រៅ WASP-96b ចម្ងាយ១,១៥០ឆ្នាំពន្លឺពីផែនដី។ គោលដៅទីបីគឺជាណេប៊ុយឡាSouthern Ring ដែលត្រូវបានគេហៅផងដែរថា "Eight-Burst ដែលមានចម្ងាយ២,០០០ឆ្នាំពន្លឺពីផែនដី។ គោលដៅទីបួនគឺជាក្រុមកាឡាក់ស៊ីដ៏តូចStephan's Quintet ដែលនឹងបង្ហាញពីរបៀបដែលកាឡាក់ស៊ីទាំងនេះធ្វើអន្តរកម្មជាមួយគ្នា។គោលដៅចុងក្រោយគឺជា SMACS 0723ដែលជាក្រុមដ៏ធំនៃបណ្ដុំកាឡាក់ស៊ីប្រៀបដូចជាកែវយឹតដែលជួយឆ្លុះអង្គផ្សេងៗនៅពីក្រោយពួកវា៕
ប្រភព: CNN