យល់ដឹង៖ ពេលខ្លះ យើងមើលឃើញព្រះចន្ទនៅពេលថ្ងៃ ដូចដែលយើងបានឃើញវានៅពេលយប់។ គូសបញ្ជាក់ថាព្រះចន្ទទទួលបានពន្លឺពីព្រះអាទិត្យ ហើយការមកកៀកផែនដីរបស់ព្រះចន្ទនាំឲ្យវាភ្លឺជាងមុន។ បន្ទាប់ពីព្រះអាទិត្យ ព្រះចន្ទគឺជាអង្គអវកាសដ៏ភ្លឺបំផុតដែលយើងអាចមើលឃើញ។ ប៉ុន្តែព្រះចន្ទមិនតែងតែបង្ហាញខ្លួន នៅពេលថ្ងៃនោះទេ។នេះគឺដោយសារតែបរិយាកាសរបស់ផែនដី និងវគ្គគន្លងនៃអង្គរណបធម្មជាតិ (ព្រះចន្ទ)របស់យើង។ ប្រសិនបើភពផែនដីរបស់យើងមិនមានបរិយាកាសទេ ព្រះចន្ទនឹងអាចមើលឃើញពីផែនដីគ្រប់ពេល។
នៅពេលកំឡុងពេលខែរនោច ផ្នែកមួយចំហៀងទៀតរបស់ព្រះចន្ទទទួលបានពន្លឺហើយផ្នែកដែលមិនមានពន្លឺនឹងបែរមករកផែនដី ដែលធ្វើឲ្យគេពិបាកមើលឃើញព្រះចន្ទ ពីផែនដី។ លោកEdward Guinan សាស្ត្រាចារ្យផ្នែកតារាសាស្ត្រនិងរូបវិទ្យានៅសាកលវិទ្យាល័យ Villanovaក្នុងរដ្ឋ Pennsylvania បានប្រាប់វេបសាយ Live Science ថាដើម្បីអាចមើលឃើញព្រះចន្ទ នៅពេលថ្ងៃ ព្រះចន្ទត្រូវតែជំនះ ទៅលើពន្លឺពីព្រះអាទិត្យ។ ក្នុងរយៈពេលពីរឬបីថ្ងៃកំឡុងព្រះចន្ទរនោចគេមិនអាចមើលឃើញវាពីផែនដីទេ ពីព្រោះវាមានទីតាំងនៅលើមេឃដែលពន្លឺរបស់ព្រះអាទិត្យភ្លឺខ្លាំងជាងព្រះចន្ទ។
យ៉ាងណាមិញការមើលព្រះចន្ទក្នុងអំឡុងពេលថ្ងៃ ក៏អាចមកពីកត្តាផ្សេងទៀតផងដែរ ដូចជារដូវ, វគ្គបច្ចុប្បន្ននៃព្រះចន្ទ,និងផ្ទៃមេឃស្រឡះល្អ។ ព្រះចន្ទអាចមើលឃើញ ក្នុងអំឡុងពេលថ្ងៃ ជាមធ្យមចំនួន២៥ថ្ងៃនៃខែពេញមួយឆ្នាំ។ ៥ថ្ងៃទៀតកើតឡើងកំឡុងពេលវគ្គខែរនោច និងខែខ្នើត។ពេលជិតដល់វគ្គព្រះចន្ទរនោច វានឹងនៅកៀកព្រះអាទិត្យជាង ដែលអាចឲ្យគេមើលឃើញ។ នៅពេលវាជិតពេញបូណ៍មីវានឹងអាចមើលឃើញតែនៅពេលយប់ប៉ុណ្ណោះ។ វាមិនអាចបង្ហាញខ្លួនជាមួយព្រះអាទិត្យទេ នៅពេលព្រះចន្ទពេញវង់។
យោងតាមលោក Guinan បានឲ្យដឹងថា ពេលវេលាដ៏ល្អបំផុត ដើម្បីមើលព្រះចន្ទអំឡុងពេលថ្ងៃ គឺមួយសប្ដាហ៍បន្ទាប់ពីខែរនោចនិងមួយសប្ដាហ៍បន្ទាប់ពីខែខ្នើត។ មួយសប្ដាហ៍បន្ទាប់ពីខែរនោចអង្គរណបធម្មជាតិរបស់យើងអាចមើលឃើញ នៅលើមេឃទិសខាងលើត។ មួយសប្ដាហ៍បន្ទាប់ពីខែខ្នើតវាអាចមើលឃើញនៅពេលព្រឹក ដែលលិចទៅវិញនៅផ្ទៃមេឃទិសខាងលិច។
វគ្គទាំងនេះគឺជារយៈពេលវែងដែលព្រះចន្ទអាចត្រូវបានមើលឃើញជាមួយនឹងព្រះអាទិត្យ នៅលើមេឃជាមធ្យមពី៥ទៅ៦ម៉ោងក្នុងមួយថ្ងៃ។ បាតុភូតមួយទៀតគឺថា វាទទួលបានពន្លឺផ្លាតពីផែនដីទៅកាន់ព្រះចន្ទ ទើបផ្នែកដែលមិនទទួលបានពន្លឺរបស់ព្រះចន្ទស្រាប់តែមានពន្លឺនិងត្រូវបានគេមើលឃើញ ក្នុងអំឡុងវគ្គព្រះចន្ទមួយចំណិតដែលកើតឡើងអំឡុងពេលបីឬបួនថ្ងៃ បន្ទាប់ពីខែរនោច៕
ប្រភព: Live Science