អាមេរិក៖ ទីភ្នាក់ងារអវកាសណាសានឹងចាប់ផ្ដើមបេសកកម្មដែលនឹងហោះកាត់ភពសុក្រនិងចុះចូលទៅក្នុងបរិយាកាសដ៏អាក្រក់របស់វា នៅឆ្នាំ២០២៩។ដោយត្រូវបានគេហៅថាបេសកកម្ម DAVINCI (Deep Atmosphere VenusInvestigation of Noble gases, Chemistry and Imaging) នឹងក្លាយជាចំណុចដំបូងគេដែលសិក្សាភពសុក្រតាមរយៈការហោះកាត់និងការចុះទៅក្នុងផងដែរ។ យានអវកាសនេះត្រូវបានគេរំពឹងថានឹងរុករកស្រទាប់បរិយាកាសភពសុក្រ ហើយទៅដល់ផ្ទៃរបស់វា នៅខែមិថុនា ឆ្នាំ២០៣១។បេសកកម្ម DAVINCI នឹងអាចចាប់យកទិន្នន័យអំពីភពសុក្រដែលអ្នកវិទ្យាសាស្ត្រចង់វាស់វែងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មក។
បេសកកម្មរបស់ណាសាមានតែពីរប៉ុណ្ណោះ ដែលបានទៅទស្សនាភពទីពីរនៃប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ គឺបេសកកម្ម Pioneer ក្នុងឆ្នាំ១៩៧៨ និង Magellan នៅដើមទសវត្សរ៍ទី៩០។យានអវកាស DAVINCI នឹងបម្រើជាមន្ទីរពិសោធន៍គីមីសាស្ត្រហោះហើរដែលអាចវាស់ស្ទង់ទិដ្ឋភាពផ្សេងៗនៃបរិយាកាស និងអាកាសធាតុរបស់ភពសុក្រ និងថតរូបដំបូងបង្អស់នៃការចុះមកតំបន់មានទីទួលខ្ពស់ៗរបស់ភពនេះ។ឧបករណ៍របស់បេសកកម្មក៏នឹងអាចគូសផែនទីផ្ទៃភពសុក្រនិងរកឃើញសមាសភាពនៃតំបន់ទីទួលខ្ពស់ៗដូចភ្នំរបស់ភពសុក្រ។
គំនិតផ្ដួចផ្ដើមនេះក៏នឹងអង្កេតលទ្ធភាពនៃមហាសមុទ្រនៅក្នុងអតីតកាលរបស់ភពសុក្រដោយការវាស់ស្ទង់ឧស្ម័ននិងសមាសធាតុនៃទឹកនៅក្នុងផ្នែកជ្រៅបំផុតនៃបរិយាកាស។ភពសុក្រប្រហែលជាពិភពលោកដំបូងគេបង្អស់ ដែលអាចទ្រទ្រង់ជីវិតបាននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងរួមទាំងមានមហាសមុទ្រនិងអាកាសធាតុស្រដៀងនឹងផែនដីប៉ុន្តែមានអ្វីកើតឡើងដើម្បីប្រែក្លាយវាទៅជាភពដែលមានសីតុណ្ហភាពក្ដៅខ្លាំង ដែលអាចរំលាយសំណបាន។ ភពសុក្រទំនងជារក្សាសីតុណ្ហភាពមានស្ថេរភាពនិងផ្ទុកទឹករាវអស់រយៈពេលរាប់ពាន់លានឆ្នាំមុនពេលព្រឹត្តិការណ៍មួយបានបង្កឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងភពនេះនេះបើយោងតាមការសិក្សាឆ្នាំ២០១៩។
ឥឡូវនេះ ភពសុក្រមានបរិយាកាសពុល៩០ដងក្រាស់ជាងភពផែនដីរបស់យើង ហើយសីតុណ្ហភាពលើផ្ទៃរបស់វាឡើងរហូតដល់៤៦២អង្សាសេ។នៅពេលដែលបេសកកម្ម DAVINCI ហោះកាត់ភពសុក្រជាច្រើនដងវានឹងប្រើឧបករណ៍ពីរដើម្បីសិក្សាពពក និងគូសផែនទីតំបន់ទីទួលខ្ពស់ៗពីគន្លងខាងលើ។បន្ទាប់មក វានឹងទម្លាក់យានអង្កេតដែលមានផ្ទុកឧបករណ៍ចំនួន៥ ទៅកាន់ផ្ទៃរបស់ភពនេះ។ការចុះមកនឹងចំណាយពេលប្រហែលមួយម៉ោង ហើយរបាំងការពារកម្ដៅនឹងត្រូវបានប្រើ ដើម្បីការពារយានអង្កេតរហូតដល់វាមានកម្ពស់៦៧គីឡូម៉ែត្រពីលើផ្ទៃ។បន្ទាប់មក វានឹងដាក់ខែលដើម្បីយកសំណាក និងវិភាគឧស្ម័នបរិយាកាស។យានអង្កេតចុះមកក្នុងភពក៏នឹងចាប់រូបភាពរាប់រយផងដែរ នៅពេលដែលវាជម្រះពពករបស់ភពសុក្រដែលមានកម្ពស់៣០,៥០០ម៉ែត្រពីលើផ្ទៃ។
យានអង្កេតនឹងចុះនៅលើភ្នំ Alpha Regio ប៉ុន្តែមិនតម្រូវឲ្យធ្វើប្រតិបត្តិការនៅពេលដែលវាចុះចតនោះទេព្រោះទិន្នន័យវិទ្យាសាស្ត្រដែលត្រូវការទាំងអស់នឹងត្រូវទាញយក មុនពេលទៅដល់ផ្ទៃភព។ប្រសិនបើវាអាចមានជីវិត ពីការចុះមកខាងក្រោមប្រហែល១១ម៉ែត្រក្នុងមួយវិនាទី វាអាចមានពេលរហូតដល់១៧-១៨នាទី ក្នុងប្រតិបត្តិការនៅលើផ្ទៃ ក្រោមលក្ខខណ្ឌដ៏ប្រសើរ៕
ប្រភព: CNN