អាមេរិក៖ ក្រុមហ៊ុន Apple កំពុងបើកដំណើរការសេវាកម្មជួសជុលទូរសព្ទដោយខ្លួនឯងនៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះ ដោយរួមមានគ្រឿងបន្លាស់សម្រាប់ទូរសព្ទ iPhone12, iPhone 13, និង iPhone SE ជំនាន់ទីបី។នៅពេលដែលក្រុមហ៊ុនប្រកាសពីគំនិតផ្ដួចផ្ដើម «សេវាកម្មជួសជុលដោយខ្លួនឯង» របស់ខ្លួន កាលពីឆ្នាំមុនApple បាននិយាយថា ខ្លួនមានគម្រោងលក់គ្រឿងបន្លាស់និងឧបករណ៍ជួសជុលផ្ទាល់ខ្លួនជាង200មុខ ទៅកាន់អតិថិជន។
ឥឡូវនេះសេវាកម្មនេះគឺមានសម្រាប់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែ Apple គ្រោងនឹងពង្រីកកម្មវិធីនេះទៅកាន់ប្រទេសផ្សេងទៀតក៏ដូចជាមានសម្រាប់ឧបករណ៍បន្ថែមទៀត ដូចជាកុំព្យូទ័រ Macs ដែលបំពាក់ដោយបន្ទះឈីបM1 នៅចុងឆ្នាំនេះ។គ្រឿងបន្លាស់អាចរកបានតាមរយៈហាងសេវាកម្មជួសជុលដោយខ្លួនឯងរបស់ Apple។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថាឧបករណ៍ជួសជុលក៏អាចជួលប្រើសិនក៏បាន ក្នុងរយៈពេល7ថ្ងៃ ក្នុងតម្លៃ49ដុល្លារ សម្រាប់អតិថិជនដែលមិនចង់ទិញឧបករណ៍ទាំងស្រុង។ ក្រុមហ៊ុន Appleនិយាយថា គ្រឿងបន្លាស់នឹងត្រូវលក់ទៅឲ្យអតិថិជនក្នុងតម្លៃដូចគ្នានឹងអ្នកផ្ដល់សេវាជួសជុល ហើយក្នុងករណីខ្លះ គេនឹងផ្ដល់ creditមួយ (ការបញ្ចុះតម្លៃ) ទៅកាន់អតិថិជន ដែលប្រគល់គ្រឿងខូចដែលប្រើប្រាស់រួចត្រឡប់មកវិញ សម្រាប់ការកែច្នៃឡើងវិញ៕
ប្រភព: The Verge