បរទេស៖ ម៉ូឌែល iPhone 14 Pro នាពេលខាងមុខរបស់ Apple មានពាក្យចចាមអារ៉ាមយ៉ាងទូលំទូលាយថានឹងមានអេក្រង់ថ្មីជាមួយនឹងរន្ធទម្លុះអេក្រង់រាងមូលនិងរាងទ្រវែងដោយរន្ធមួយដាក់សេនស័រ Face ID និងរន្ធមួយទៀតគឺសម្រាប់កាមេរ៉ាសែហ្វី។ឥឡូវនេះ គេបានឃើញការរចនាពិតជាក់ស្ដែង ផ្នែកខាងមុខនៃអេក្រង់ទូរសព្ទនេះ។
បន្ទះកញ្ចក់ផ្នែកខាងមុខសម្រាប់ទូរសព្ទ iPhone 14 ទាំងបួនម៉ូឌែលត្រូវបានគេលើកឡើងថា បានលេចចេញនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិន គឺ Weibo។ បន្ទះទាំងនេះបានបង្ហាញមិនត្រឹមតែការរចនារន្ធទម្លុះអេក្រង់រាងមូលនិងទ្រវែងប៉ុណ្ណោះទេសម្រាប់ iPhone 14 Pro និង Pro Max ប៉ុន្តែថែមទាំងមានគែមbezel ស្ដើងជាងមុនបន្តិច និងមានខ្នាតរូបភាពកាន់តែវែងជាងមុនសម្រាប់ម៉ូឌែលទាំងនេះ។
ដូចការរំពឹងទុក រូបភាពក៏បង្ហាញដែរថា ម៉ូឌែល iPhone14 ធម្មតា និង iPhone 14 Max នឹងរក្សាថ្ងាសឆកដដែលដូចមាននៅលើម៉ូឌែល iPhone 13 ដែរ។ គេមិនច្បាស់ថា ថាតើរូបភាពមួយនេះពិតជាត្រឹមត្រូវពិតប្រាកដមែនឬក៏យ៉ាងណា៕
ប្រភព: MacRumors