បរទេស៖ ថនិកសត្វចំណាស់ជាងគេបំផុតរបស់ពិភពលោក ត្រូវបានគេកំណត់អត្តសញ្ញាណដោយប្រើកំណត់ត្រាផូស៊ីលនៃធ្មេញ ដែលចុះកាលបរិច្ឆេទយូរជាងការបញ្ជាក់ពីថនិកសត្វមុនៗប្រហែល២០លានឆ្នាំ ហើយវាស្ថិតនៅក្នុងការរកឃើញថ្មីមួយ ដែលក្រុមអ្នកស្រាវជ្រាវបានសាទរថាមានសារៈសំខាន់ខ្លាំងណាស់។
ដោយត្រូវបានគេដាក់ឈ្មោះឲ្យថា Brasilodonquadrangularis វាគឺជាសត្វតូចមួយ ដែលមានរាងដូចសត្វកន្ថឹកមានប្រវែងប្រហែល២០សង់ទីម៉ែត្រ ដែលបានដើរនៅលើផែនដី កាលពី២២៥លានឆ្នាំមុន នៅក្នុងដំណាក់កាលដូចគ្នាទៅនឹងពពួកដាយណូស័រចំណាស់ជាងគេមួយចំនួនហើយបានស្រាយបំភ្លឺទៅលើការវិវត្តន៍នៃថនិកសត្វបច្ចុប្បន្ននេះបើយោងតាមក្រុមការងារនៃអ្នកវិទ្យាសាស្ត្រប្រេស៊ីលនិងអង់គ្លេស។
ការរកឃើញនេះត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវមកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍, មហាវិទ្យាល័យ King'sCollege London, និងសាកលវិទ្យាល័យសហព័ន្ធ Rio Grande do Sul ក្នុងទីក្រុង PortoAlegre។ អ្នកវិទ្យាសាស្ត្រពឹងផ្អែកលើតម្រុយដែលផ្ដល់ដោយផូស៊ីលនៃជាលិកាឆ្អឹងនិងធ្មេញ។ នេះគឺដោយសារតែក្រពេញថនិកសត្វនេះ ដែលផលិតទឹកដោះមិនត្រូវបានរក្សាទុកក្នុងផូស៊ីលណាមួយ ដែលរកឃើញរហូតមកដល់បច្ចុប្បន្ននោះទេ។
រហូតមកដល់ពេលនេះ សត្វ Morganucodon ធ្លាប់ត្រូវបានគេចាត់ទុកថាជាថនិកសត្វដំបូងគេជាមួយធ្មេញញែកពីគ្នា ដោយបង្ហាញថា វាមានអាយុកាល២០៥លានឆ្នាំ។ យ៉ាងណាមិញកំណត់ត្រានៃធ្មេញនៅក្នុងការសិក្សាថ្មីនេះវិញ បានវិភាគកាលបរិច្ឆេទនៃសត្វ Brasilodonquadrangularis គឺរហូតដល់២២៥លានឆ្នាំ៕
ប្រភព: CNN