បរទេស៖ តេឡេទស្សន៍អវកាស James Webb បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសង្កេតមើលចក្រវាល។យោងតាមក្រុមការងារនៃតេឡេទស្សន៍ Webb របស់ទីភ្នាក់ងារអវកាសណាសាបានឲ្យដឹងថាកញ្ចក់ដ៏ធំរបស់ឧបករណ៍សង្កេតមើលលំហអវកាសមួយនេះ មានសមត្ថភាពអាចមើលទៅកាន់ទីឆ្ងាយបំផុតនៃសកលហើយឥឡូវកញ្ចក់នេះបានតម្រឹមទាំងស្រុងហើយ។
ដោយត្រូវបានគេស្គាល់ថាជាអ្នកសង្កេតការណ៍អវកាសលំដាប់កំពូលរបស់ពិភពលោក តេឡេទស្សន៍ Webb បានបញ្ចប់ដោយជោគជ័យនូវជំហានមួយចំនួន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដែលមានសារៈសំខាន់សម្រាប់ការតម្រឹមផ្នែកកញ្ចក់មាសចំនួន១៨ផ្ទាំងរបស់វា។កញ្ចក់នេះមានទំហំធំណាស់ ដែលត្រូវការបត់ ដើម្បីអាចដាក់ទៅក្នុងរ៉ុក្កែតបាញ់បង្ហោះកាលពីថ្ងៃទី២៥ ខែធ្នូ។ បន្ទាប់ពីបានទៅដល់គន្លងគោចរ ជាងមួយលានគីឡូម៉ែត្រពីផែនដីក្នុងខែមករា តេឡេទស្សន៍ Webb បានចាប់ផ្ដើមដំណើរការរបស់វាយ៉ាងប្រុងប្រយ័ត្ននៃការត្រដាងនិងតម្រឹមផ្ទាំងកញ្ចក់របស់វា។
Webb នឹងអាចមើលក្នុងបរិយាកាសនៃភពក្រៅនិងសង្កេតមើលកាឡាក់ស៊ីដំបូងៗមួយចំនួន ដែលបានកកើតឡើងបន្ទាប់ពីសកលលោកបានចាប់ផ្ដើមដោយសង្កេតមើលពួកវាតាមរយៈពន្លឺអាំងប្រាក្រហម ដែលមើលមិនឃើញដោយភ្នែកមនុស្ស។រូបភាពដែលមានគុណភាពខ្ពស់ដំបូងនានា ដែល Webb នឹងចាប់យកបានពីលោកធាតុមិនអាចត្រូវបានគេរំពឹងទុកភ្លាមៗបានទេ រហូតដល់ដំណាច់ខែមិថុនាដោយសារតែឧបករណ៍នៃអ្នកសង្កេតអវកាសមួយនេះ នៅត្រូវការធ្វើការក្រិតតាមខ្នាត។សម្រាប់ពីរខែបន្ទាប់ ក្រុមការងារនឹងធានាថាឧបករណ៍វិទ្យាសាស្ត្រទាំងអស់ត្រូវបានក្រិតតាមខ្នាត៕
ប្រភព: CNN