បរទេស៖ ប្រសិនបើនិយាយពីអ្នកទស្សន៍ទាយខាងផ្នែកបច្ចេកវិទ្យា កាលពីអតីត នោះគេនឹងនឹកឃើញដល់លោកNikola Tesla (១៨៥៦-១៩៤៣)។ គាត់មានចក្ខុវិស័យច្បាស់លាស់ លើសទិសដៅបច្ចេកវិទ្យាទំនើបដែលបានឆ្ពោះទៅមុខ។សូម្បីតែកាលពីឆ្នាំ១៩២៦ លោក Tesla បានដឹងថាមនុស្សនៅលើពិភពលោកនឹងធ្វើការទំនាក់ទំនងឥតខ្សែ នាពេលអនាគត។ហើយវាត្រូវចំណាយពេលរហូតដល់៨០ឆ្នាំ សម្រាប់មនុស្សជាតិដើម្បីបញ្ជាក់ថាគាត់ពិតជាត្រឹមត្រូវ។
លោក Tesla ជាបុរសដែលមានបញ្ញាដ៏អស្ចារ្យម្នាក់ដែលល្បីល្បាញពេញពិភពលោកលើការរួមចំណែកក្នុងការបង្កើតប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីចរន្តឆ្លាស់ ឬ AC។ គាត់គឺជាមនុស្សពូកែខាងរូបវិទ្យានិងមេកានិច។ នៅពេលគាត់ទទួលមរណភាព លោក Teslaមានប៉ាតង់ចំនួន៣០០ សម្រាប់ឈ្មោះរបស់គាត់។ ក្រៅពីជំនាញវិទ្យាសាស្ត្រគាត់អាចនិយាយបាន៨ភាសា យ៉ាងស្ទាត់ជំនាញ។
សព្វថ្ងៃនេះ អ្នកលេងអ៊ីនធឺណេតប្រហែលជាធ្លាប់បានឮឈ្មោះTesla ហើយ។ ទេពកោសល្យនិងកេរ្តិ៍ដំណែលរបស់គាត់បានរស់រានឡើងវិញ ហើយឈ្មោះរបស់គាត់គឺមានប្រជាប្រិយភាពខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះ ជាការទស្សន៍ទាយរបស់លោក Tesla ដែលគាត់កំពុងបរិយាយអំពីទូរសព្ទ ដែលយើងមាននៅក្នុងពេលសព្វថ្ងៃនេះដែលពិភពលោកទាំងមូលស្ថិតនៅលើចុងម្រាមដៃរបស់យើង។
ហើយនេះជាអ្វីដែលគាត់ធ្លាប់គិតជាង៩០ឆ្នាំមុន៖«នៅពេលទំនាក់ទំនងឥតខ្សែត្រូវបានប្រើប្រាស់យ៉ាងឥតខ្ចោះផែនដីទាំងមូលនឹងត្រូវបានបំប្លែងទៅជាខួរក្បាលដ៏ធំមួយ ដែលតាមពិតទៅ អ្វីៗទាំងអស់គឺជាភាគល្អិតនៃការពិតទូទៅនិងជាចង្វាក់។យើងនឹងអាចប្រាស័យទាក់ទងគ្នាបានភ្លាមៗ ដោយមិនគិតពីចម្ងាយ។ មិនត្រឹមតែប៉ុណ្ណឹងទេប៉ុន្តែតាមរយៈទូរទស្សន៍និងទូរសព្ទ យើងនឹងឃើញនិងស្ដាប់គ្នាទៅវិញទៅមក យ៉ាងល្អឥតខ្ចោះហាក់ដូចជាយើងនៅទល់មុខគ្នា ទោះបីជាស្ថិតនៅចម្ងាយរាប់ពាន់ម៉ាយ៍ក៏ដោយ។ហើយឧបករណ៍ដែលអាចធ្វើបានដូចនេះ នឹងមានលក្ខណៈសាមញ្ញអស្ចារ្យបើប្រៀបធៀបនឹងទូរសព្ទបច្ចុប្បន្នរបស់យើង។ មនុស្សនឹងអាចដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវរបស់គេ»៕
ប្រភព: Truth Theory