បរទេស៖ បំណែកផ្ទាំងកញ្ចក់មាសមួយក្នុងចំណោម១៨ផ្ទាំង នៃកញ្ចក់យក្សរបស់តេឡេទស្សន៍អវកាស James Webb ត្រូវបានប៉ះទង្គិចគ្នាជាមួយមីក្រូអាចម៍ផ្កាយមួយ ក្នុងខែឧសភានេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីទីភ្នាក់ងារអវកាសណាសា។ ប៉ុន្តែកុំបារម្ភអីអ្នកអង្កេតអវកាសមួយនេះនៅតែស្ថិតនៅលើផ្លូវ ក្នុងការចែករំលែករូបភាពពណ៌ពេញកម្រិតគុណភាពច្បាស់ខ្ពស់ ជាលើកដំបូង នៅថ្ងៃទី១២ ខែកក្កដា។
មីក្រូអាចម៍ផ្កាយគឺជាភាគល្អិតនៅក្នុងអវកាស ដែលតូចជាងគ្រប់ខ្សាច់។យោងតាមទីភ្នាក់ងារអវកាសណាសាបានឲ្យដឹងថា បរិយាកាសរបស់ផែនដីត្រូវបានវាយប្រហារដោយអាចម៍ផ្កាយនិងមីក្រូអាចម៍ផ្កាយរាប់លានជាប្រចាំ ប៉ុន្តែភាគច្រើនត្រូវបានបំផ្លាញ នៅពេលដែលវាប៉ះបរិយាកាស។ប៉ុន្តែចំពោះយានអវកាសវិញមិនមានបរិយាកាសជុំវិញដើម្បីការពារនោះទេដូច្នេះវាពិបាកណាស់ក្នុងការជៀសវាងពីផលប៉ះពាល់ទាំងនេះ។
តេឡេទស្សន៍ Webb បានទទួលរងផលប៉ះពាល់បែបនេះ នៅចន្លោះថ្ងៃទី២៣និង២៥ ខែឧសភាប៉ុន្តែតេឡេទស្សន៍នេះនៅតែដំណើរការ ក្នុងកម្រិតដែលលើសពីតម្រូវការបេសកកម្មទាំងអស់បើទោះបីជាមានផលប៉ះពាល់ដែលរកឃើញតិចតួច នៅក្នុងទិន្នន័យក៏ដោយ នេះបើយោងតាមក្រុមការងារWebb។ ក្រុមការងារកំពុងបន្តវិភាគនិងវាយតម្លៃពីអ្វីដែលត្រូវបានកើតឡើងនិងរបៀបដែលវាអាចប៉ះពាល់ដល់ដំណើរការរបស់តេឡេទស្សន៍។វាក៏ទំនងជាលើកដំបូងក្នុងចំណោមបទពិសោធន៍បែបនេះ ដែលតេឡេទស្សន៍ Webb នឹងមាន ក្នុងពេលរបស់ខ្លួននៅក្នុងអវកាស៕
ប្រភព: CNN