កម្ពុជា៖ បាតុភូតចន្ទ្រគ្រាសកើតឡើង នៅពេលផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទហើយភពរបស់យើងបានបាំងពន្លឺព្រះអាទិត្យ និងជះស្រមោលទៅកាន់ព្រះចន្ទ។ នៅចុងឆ្នាំនេះរាហ៊ូចាប់ចន្ទ ដែលតាំងពីដើមមកខ្មែរយើងនិយមហៅ នឹងកើតឡើងចំព្រះរាជពិធីបុណ្យអុំទូក។ប៉ុន្តែ នៅឆ្នាំ២០២២នេះ រាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធពិធីបុណ្យនេះ។ នៅថ្ងៃទី៨ខែវិច្ឆិកា កម្ពុជាអាចមើលឃើញបាតុភូតចន្ទ្រគ្រាសដែលជាប្រភេទរាហ៊ូលេបចន្ទអស់ទាំងស្រុង (Total lunar eclipse) ដែលព្រះចន្ទនឹងប្រែទៅជាពណ៌ក្រហម។
បើយោងតាមគេហទំព័រ Timeand Date បានឲ្យដឹងថា បាតុភូតនេះនឹងចាប់ផ្ដើមកើតឡើងនៅវេលាម៉ោង ៤:០៩រសៀល (កម្ពុជាមិនទាន់អាចមើលឃើញ) ប៉ុន្តែរហូតដល់ម៉ោង៥:២៩ល្ងាច ទើបព្រះចន្ទចាប់ផ្ដើមរះឡើង ក្នុងប្រទេសកម្ពុជាអមជាមួយរាហ៊ូកំពុងលេបព្រះចន្ទ និងនៅម៉ោង៥:៥៩ល្ងាច ទើបរាហ៊ូលេបព្រះចន្ទអស់ទាំងស្រុង។ព្រឹត្តិការណ៍នេះនឹងបញ្ចប់ទៅវិញ នៅវេលាម៉ោង៧:៤៩យប់។ ខុសពីរាល់ដងបាតុភូតចន្ទ្រគ្រាសលើកនេះ នឹងកើតឡើងចំថ្ងៃសំពះព្រះខែ និងអកអំបុក។
គូសបញ្ជាក់ថានៅក្នុងឆ្នាំ២០២២ ចន្ទ្រគ្រាសកើតឡើងចំនួនពីរលើក ដោយលើកដំបូងកើតឡើងនៅក្នុងខែឧសភា(កម្ពុជាមើលមិនឃើញ) និងលើកចុងក្រោយគឺនៅក្នុងខែវិច្ឆិកានេះឯង។ គួរឲ្យស្ដាយ យើងមិនអាចមើលឃើញចន្ទ្រគ្រាសនាពេលខាងមុខនេះ តាំងពីពេលចាប់ផ្ដើមនោះឡើយ ដោយសារតែព្រះចន្ទមិនទាន់រះឡើង។ លើកចុងក្រោយបំផុតដែលកម្ពុជាមានសំណាងអាចមើលឃើញបាតុភូតធម្មជាតិនេះ តាំងពីដើមរហូតដល់ចប់ (ប្រភេទរាហ៊ូលេបព្រះចន្ទអស់ទាំងស្រុង) គឺនៅឆ្នាំ២០១៨ ហើយរហូតដល់ឆ្នាំ២០២៥ទើបយើងអាចមើលឃើញបែបនេះឡើងវិញម្ដងទៀត៕