បរទេស៖ ទិន្នន័យដែលប្រមូលបានក្នុងអំឡុងពេលដំណើរការនៃតេឡេទស្សន៍មុនពេលប្រតិបត្តិការវិទ្យាសាស្ត្ររបស់វាបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី១២ខែកក្កដាត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិទ្យាស្ថានវិទ្យាសាស្ត្រតេឡេទស្សន៍អវកាស (Space Telescope ScienceInstitute)។ ទិន្នន័យដែលមានជាសាធារណៈឥឡូវនេះបានត្រៀមរួចរាល់សម្រាប់អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក ដើម្បីសិក្សា។ទិន្នន័យនោះរួមមានរូបភាពថ្មីនៃភពព្រហស្បតិ៍ ដែលត្រូវបានថតខណៈពេលដែលឧបករណ៍របស់តេឡេទស្សន៍ James Webb កំពុងស្ថិតនៅក្នុងការធ្វើតេស្ដនៅឡើយ។
Webb គឺជាតេឡេទស្សន៍ក្រហមអាំងប្រាដូច្នេះវាចាប់យកពន្លឺដែលមិនអាចមើលឃើញដោយភ្នែកមនុស្ស។ រូបភាពមួយរបស់ Webb នៃភពព្រហស្បតិ៍ បង្ហាញពីក្រុមបរិយាកាសរបស់ភពយក្សមួយនេះ ក៏ដូចជាចំណុច GreatRed Spot របស់វាផងដែរ។ ចំណុចដ៏ល្បីនេះគឺជាព្យុះដ៏ធំដែលមានទំហំប៉ុនផែនដីពីរដង ដែលបានបោកបក់អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។វាមើលទៅមានលក្ខណៈពណ៌សនៅក្នុងរូបភាព ដោយសារតែដំណើរការនៃរូបភាពក្រហមអាំងប្រា។ Europaដែលជាព្រះចន្ទមួយក្នុងចំណោមព្រះចន្ទរបស់ភពព្រហស្បតិ៍អាចមើលឃើញនៅជ្រុងខាងឆ្វេងនៃភពនេះ។
ការមើលឃើញមួយចំនួននៃភពព្រហស្បតិ៍ពីជ្រុងមួយផ្នែកទៀតរបស់តេឡេទស្សន៍នេះបានបង្ហាញពីកងរង្វង់ព្រាលៗមួយចំនួនរបស់ភពនេះដែរ។ រូបភាពទាំងនេះបញ្ជាក់ថា Webb អាចសង្កេតមើលចំណុចលម្អិតព្រាលៗ និងអង្គផ្សេងៗនៅជិតភពភ្លឺដូចជាភពព្រហស្បតិ៍និងសៅរ៍ជាដើម។ នេះពិតជាគួរឲ្យរំភើបណាស់ ព្រោះវាមានន័យថាតេឡេទស្សន៍ Webb ក៏អាចសង្កេតមើលចំហាយនៃវត្ថុធាតុដែលបញ្ចេញទៅក្នុងអវកាស ពីពិភពមហាសមុទ្រនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដូចជាព្រះចន្ទ Europa ឬក៏ព្រះចន្ទ Enceladus របស់ភពសៅរ៍ជាដើម៕
ប្រភព: CNN