ចិន៖ រូបរាងកាមេរ៉ាខាងក្រោយនៃស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុនOnePlus គឺ OnePlus 10 Pro ត្រូវបានបង្ហាញនៅក្នុងរូបភាព teaser។ ស្មាតហ្វូននេះគ្រោងនឹងបញ្ចេញនៅក្នុងប្រទេសចិន នៅថ្ងៃទី11 ខែមករា មុនពេលចេញលក់ទៅកាន់ប្រទេសផ្សេងៗទៀតនៅលើពិភពលោកនៅពេលក្រោយក្នុងឆ្នាំនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន OnePlus លោកPete Lau បានបញ្ជាក់ពីមុនថាទូរសព្ទនេះនឹងត្រូវបង្ហាញនៅក្នុងខែមករា នៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមWeibo។
ទោះបីជារូបភាព teaser នេះមិនបានបង្ហាញអ្វីច្រើនក្រៅពីរូបរាងកាមេរ៉ាខាងក្រោយរបស់ទូរសព្ទ វាក៏បញ្ជាក់ថា 10 Pro មានកាមេរ៉ាខាងក្រោយចំនួនបី និងមានឈ្មោះម៉ាក Hasselblad។ ភាពជាដៃគូរបស់ OnePlus ជាមួយនឹងក្រុមហ៊ុនផលិតកាមេរ៉ារបស់ស៊ុយអ៊ែតមួយនេះបានចាប់ផ្ដើមជាមួយនឹង OnePlus 9 កាលពីឆ្នាំមុន ដែលក្រុមហ៊ុនទាំងពីរបានធ្វើការរួមគ្នាលើការកែពណ៌នៃរូបថតរបស់ទូរសព្ទ ជាទូទៅទទួលបានលទ្ធផលល្អ។
រូបភាពនេះក៏បញ្ជាក់ពីការរចនាកាមេរ៉ាក្រោយមានលក្ខណៈផុសខ្ពស់ (មិនរាបស្មើ) ដែលពីមុនបានលេចធ្លាយនៅលើបណ្ដាញសង្គម Twitter ពីប្រភព @OnLeaksនិង 91Mobiles។ ទោះបីជាលក្ខណៈសម្បត្តិរបស់កាមេរ៉ានេះមិនទាន់ត្រូវបានប្រកាសជាផ្លួវការក៏ដោយរបាយការណ៍បង្ហាញថា OnePlus 10 Pro នឹងមានកាមេរ៉ាគោល 48MP, ឡេនទូលាយទំហំ 50MP, និងឡេន telephoto ទំហំ 8MP ហើយចំណែកកាមេរ៉ាសែហ្វីវិញមានទំហំ 32MP។
នៅផ្នែកខាងក្នុង វាត្រូវបានគេរាយការណ៍ថា នឹងដំណើរការដោយឈីប Snapdragon8 Gen 1 ភ្ជាប់ជាមួយ RAM ទំហំ 8GB ឬ 12GB អង្គផ្ទុកទិន្នន័យ 128GB ឬ 256GB និងថាមពលថ្ម 5,000mAh។ វាក៏មានកម្រិតការពារ IP68 សម្រាប់ធន់នឹងធូលីនិងទឹកផងដែរ។ OnePlus មិនទាន់បានប្រកាសថា ពេលណាបានសេរ៊ី OnePlus10 អាចនឹងបញ្ចេញទៅក្រៅប្រទេសចិន ប៉ុន្តែប្រភពពី 91Mobiles ធ្លាប់បានរាយការណ៍ថា ការចេញលក់ជាសកលអាចនឹងមកដល់នៅខែមេសា៕
ប្រភព: The Verge