បរទេស៖ អង្គការ National Geographic បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានទទួលស្គាល់ជាផ្លូវការនូវតំបន់ទឹកនៅជុំវិញទ្វីបអង់តាក់ទិក ថាជាមហាសមុទ្រទី5របស់ផែនដី ដែលមានឈ្មោះថាមហាសមុទ្រខាងត្បូង ឬ Southern Ocean។
ការផ្លាស់ប្តូរនេះគឺជាលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ ដែលអង្គការនេះបានដាក់ឈ្មោះផែនទីមហាសមុទ្រពិភពលោក ដែលកាលពីមុនមានត្រឹមតែ4ប៉ុណ្ណោះគឺ មហាសមុទ្រអាត្លង់ទិច មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាក់ទិក។
អ្នកភូមិសាស្ត្រម្នាក់របស់ National Geographic លោក Alex Tait បាននិយាយថា មហាសមុទ្រខាងត្បូងត្រូវបានអ្នកវិទ្យាសាស្ត្រទទួលស្គាល់តាំងពីយូរយារណាស់មកហើយ ប៉ុន្តែដោយសារតែមិនមានការព្រមព្រៀងគ្នាជាលក្ខណៈអន្តរជាតិ គេក៏មិនបានទទួលស្គាល់វាជាផ្លូវការ។
មហាសមុទ្រខាងត្បូងលាតសន្ធឹងពីតំបន់ឆ្នេរទ្វីបអង់តាក់ទិក ដល់រយៈទទឹងខាងត្បូង60ដឺក្រេ ដោយមិនរាប់បញ្ចូលតំបន់ Drake Passage និងសមុទ្រ Scotia Sea នេះបើយោងតាម National Geographic។ មហាសមុទ្រថ្មីបំផុតនេះ គឺតូចជាងគេទី2 បន្ទាប់ពីមហាសមុទ្រអាក់ទិក៕