បរទេស៖ របាយការណ៍ថ្មីមួយបានបង្ហាញថាអ្នកប្រើប្រាស់កម្មវិធីនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកកំពុងចំណាយពេលលើតិកតុកច្រើនជាងនៅលើយូធូប។ ទិន្នន័យពីក្រុមហ៊ុនត្រួតពិនិត្យកម្មវិធីApp Annie បង្ហាញថា ពេលវេលាជាមធ្យមសម្រាប់អ្នកប្រើប្រាស់ម្នាក់បានចំណាយខ្ពស់បំផុតទៅលើកម្មវិធីតិកតុក ដែលបង្ហាញពីកម្រិតនៃការចូលរួមខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ យូធូបនៅតែរក្សាចំណាត់ថ្នាក់កំពូល សម្រាប់ពេលវេលាសរុបដែលបានចំណាយមិនមែនសម្រាប់អ្នកប្រើប្រាស់ម្នាក់ទេ ព្រោះវាមានអ្នកប្រើប្រាស់ច្រើន។ ក្រុមហ៊ុន Googleដែលគ្រប់គ្រងយូធូបបានប៉ាន់ស្មានថា មានអ្នកប្រើប្រាស់ប្រមាណ២ពាន់លាននាក់ប្រចាំខែខណៈតួលេខសាធារណៈចុងក្រោយរបស់តិកតុកបានបង្ហាញថាវាមានប្រហែល៧០០លាននាក់នៅពាក់កណ្ដាលឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្រុមហ៊ុន AppAnnie មានជំនាញក្នុងការវិភាគទីផ្សារកម្មវិធី។ពេលវេលាចំណាយនៅក្នុងរបាយការណ៍នេះគ្រាន់តែរាប់ចំពោះទូរសព្ទ Androidប៉ុណ្ណោះ ប៉ុន្តែក៏មិនទាន់បានរាប់បញ្ចូលនៅក្នុងប្រទេសចិនដែលតិកតុកត្រូវបានស្គាល់ថាជាកម្មវិធីមានឈ្មោះថា Douyin៕
ប្រភព: BBC