បរទេស៖ តេឡេទស្សន៍អវកាស James Webb របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ចាប់បានភស្ដុតាងច្បាស់លាស់លើកដំបូងនៃកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសនៃភពក្រៅដែលជាភពមួយស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពក្រៅ WASP-39b គឺជាភពឧស្ម័នក្តៅមួយដែលធ្វើដំណើរជុំវិញផ្កាយដូចព្រះអាទិត្យ ដែលមានចម្ងាយ៧០០ឆ្នាំពន្លឺពីផែនដីនិងជាផ្នែកមួយនៃការអង្កេតដ៏ធំរបស់តេឡេទស្សន៍ Webb ដែលរួមមានភពពីរផ្សេងទៀតដែលឆ្លងកាត់។ដូចដែលទីភ្នាក់ងារបានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថាការយល់ដឹងអំពីការបង្កើតបរិយាកាសនៃភព ដូចជា WASP-39b គឺមានសារៈសំខាន់ សម្រាប់ការយល់ដឹងពីដើមកំណើត និងពីរបៀបដែលពួកវាវិវត្តន៍។
ក្រុមការងារបានធ្វើការសង្កេតកាបូនឌីអុកស៊ីត ដោយប្រើឧបករណ៍ Near-InfraredSpectrograph របស់តេឡេទស្សន៍នេះ ដែលជាឧបករណ៍វិទ្យាសាស្ត្រមួយរបស់ Webbដើម្បីសង្កេតមើលបរិយាកាសរបស់ភព WASP-39b។ ការស្រាវជ្រាវរបស់ពួកគេគឺជាផ្នែកមួយនៃកម្មវិធី Early ReleaseScience Program ដែលជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដើម្បីផ្ដល់ទិន្នន័យពីតេឡេទស្សន៍ ដល់សហគមន៍អ្នកស្រាវជ្រាវភពក្រៅឆាប់ៗតាមតែអាចធ្វើទៅបាន ដោយដឹកនាំការសិក្សានិងរបកគំហើញវិទ្យាសាស្ត្របន្ថែមទៀត។
លោកស្រីNatalie Batalha សាស្ត្រាចារ្យផ្នែកតារាសាស្ត្រនិងរូបវិទ្យាតារាសាស្ត្រ នៃសាកលវិទ្យាល័យ University of California នៅទីក្រុង SantaCruz បានឲ្យដឹងថា ក្នុងការចាប់យកពន្លឺពណ៌ spectrum នៃបរិយាកាសរបស់ភពនេះ អ្នកស្រាវជ្រាវបានឃើញកូនពំនូកមួយចន្លោះពី៤.១និង៤.៦មីក្រុង ដែលជាសញ្ញាច្បាស់លាស់នៃកាបូនឌីអុកស៊ីត។ការចូលទៅដល់ផ្នែកនៃពន្លឺ spectrum ដែលតេឡេទស្សន៍ Webbអាចធ្វើទៅបាន គឺមានសារៈសំខាន់សម្រាប់វាស់ស្ទង់ឧស្ម័នជាច្រើនដូចជាមេតាននិងទឹក ក៏ដូចជាកាបូនឌីអុកស៊ីត ដែលត្រូវបានគេគិតថាមាននៅក្នុងភពក្រៅជាច្រើន នេះបើយោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA។
ដោយសារតែឧស្ម័ននីមួយៗស្រូបយកការរួមផ្សំនៃពណ៌ផ្សេងៗអ្នកស្រាវជ្រាវអាចពិនិត្យមើលភាពខុសគ្នាដ៏តូចនៅក្នុងភាពភ្លឺនៃពន្លឺដែលបានបញ្ជូនឆ្លងកាត់ពន្លឺពណ៌ spectrum ដើម្បីកំណត់ឲ្យច្បាស់ថាបរិយាកាសមួយត្រូវបានបង្កើតឡើងពីអ្វី។ ដោយត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១១ ភព WASP-39b មានម៉ាស់ប្រហាក់ប្រហែលនឹងភពសៅរ៍ និងប្រហែលមួយភាគបួននៃភពព្រហស្បតិ៍ខណៈពេលដែលអង្កត់ផ្ចិតរបស់វាធំជាងភពព្រហស្បតិ៍ ១.៣ដង។ ដោយសារភពក្រៅមួយនេះនៅកៀកនឹងផ្កាយរបស់វាវានឹងបញ្ចប់ការធ្វើដំណើរមួយជុំវិញគន្លងផ្កាយរបស់វា (ឬហៅថាមួយឆ្នាំ)ក្នុងរយៈពេលជាង៤ថ្ងៃបន្តិចនៃផែនដី៕
ប្រភព: CNN