បរទេស៖ ក្រុមហ៊ុន Apple មិនបានផ្សព្វផ្សាយអំពីថាមពលថ្ម សម្រាប់ត្រកូល iPhone14 ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែវេបសាយ MacRumors បានទទួលព័ត៌មាននេះ ពីមូលដ្ឋានទិន្នន័យនិយតកម្មរបស់ចិន។ ទូរសព្ទ iPhone14 ចំនួនបីក្នុងចំណោមទាំងបួនម៉ូឌែល មានថាមពលថ្មធំជាងមុនបើប្រៀបធៀបទៅនឹងត្រកូល iPhone 13 ដោយលើកលែងតែ iPhone14 Pro Max ប៉ុណ្ណោះ ដែលបំពាក់ថ្មតូចជាងមុនបន្តិច បើធៀបជាមួយនឹង iPhone13 Pro Max។
· iPhone 13mini: 2,406 mAh
· iPhone 13:3,227 mAh
· iPhone 13Pro: 3,095 mAh
· iPhone 13Pro Max: 4,352 mAh
· iPhone 14: 3,279 mAh
· iPhone 14 Plus: 4,325mAh
· iPhone 14 Pro: 3,200 mAh
· iPhone 14 Pro Max: 4,323mAh
មូលដ្ឋានទិន្នន័យដូចគ្នានេះ បានបង្ហាញយ៉ាងត្រឹមត្រូវអំពីទំហំថ្ម សម្រាប់ iPhone 13 ទាំងបួនម៉ូឌែល និង MacBook Pro 14អ៊ីញមុនពេលឧបករណ៍ទាំងនេះចេញលក់ កាលពីឆ្នាំមុន។ Apple និយាយថា iPhone14 ទាំងបួនម៉ូឌែល មានថាមពលថ្មកាន់បានពេញមួយថ្ងៃ។ ម៉ូឌែល iPhone14, iPhone 14 Pro, និង iPhone 14 Pro Maxមានថាមពលថ្មកាន់យូរជាងមុនមួយម៉ោង សម្រាប់ការចាក់វីដេអូមិនបើកអ៊ីនធឺណេតបើប្រៀបធៀបទៅនឹងម៉ូឌែល iPhone 13 នានានេះបើយោងតាមលក្ខណៈបច្ចេកទេស នៅលើវេបសាយរបស់ក្រុមហ៊ុន Apple ខណៈពេលដែលគេមិនអាចប្រៀបធៀបដោយផ្ទាល់ ទៅលើ iPhone 14 Plus ទេ។
ទូរសព្ទ iPhone 14 ទាំងបួនម៉ូឌែលត្រូវបាន Appleប្រកាសបង្ហាញកាលពីសប្ដាហ៍មុន ហើយអាចធ្វើការកម្ម៉ង់ទុកជាមុនចាប់ពីថ្ងៃទី9 ខែកញ្ញា។ ឧបករណ៍ទាំងនេះគ្រោងនឹងចេញលក់នៅថ្ងៃទី16 ខែកញ្ញា លើកលែងតែ iPhone 14 Plus ដែលនឹងដាក់លក់នៅថ្ងៃទី7 ខែតុលា៕
ប្រភព: MacRumors