អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag ត្រូវបានគេដឹងថា បានរាយការណ៍ទៅថ្នាក់លើរបស់ក្លិប ហាមផ្តាច់មិនឲ្យលក់ Anthony Martial ឲ្យសោះ ដោយ លោកនឹងបញ្ចូលរូបគេទៅក្នុងផែនការលេងរបស់លោកសម្រាប់រដូវកាលថ្មីខាងមុខនេះ។
ជាការពិតណាស់ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និង Ralf Rangnick កន្លងទៅ គឺ Martial ពុំបានបង្ហាញទម្រង់លេងល្អទាល់តែសោះ រហូតដល់ក្លិបសម្រេចចិត្តបញ្ជូនរូបគេឲ្យ Sevilla ដើម្បីខ្ចីជើងកាលពីរដូវកាលមុន រួចក៏បានត្រឡប់មកវិញក្រោយចប់រដូវកាលមុន។ យ៉ាងណាក្តី ក្រោយការមកដល់របស់លោក Ten Hag គឺ កីឡាករសញ្ជាតិបារាំងខាងលើពិតជាបានបង្ហាញថ្វីជើងបញ្ចប់ទីល្អមែនទែន ដោយ អាចរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួនការប្រកួតមិត្តភាព៣ប្រកួតចុងក្រោយនេះ។
បើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា លោក Ten Hag បានប្រាប់ទៅកាន់ថ្នាក់លើរបស់ Man Utd មិនឲ្យដាក់លក់ Martial ឡើយ ព្រោះលោកជឿជាក់ថា លោកនឹងអាចធ្វើឲ្យរូបគេកាន់តែល្អជាងនេះទៀត ជាពិសេសលើកកម្ពស់កម្រិតលេងរបស់ក្រុមទាំងមូលឲ្យកាន់តែខ្លាំង៕
ប្រភព៖ metro